សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះ សម្តេច ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យ ការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និងមហាអំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌ស្តីពីភាព ជោគជ័យ នៃបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ ក្នុងរយៈពេល៤ថ្ងៃ នៃបេសកកម្មនេះ ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំនួន១៣កិច្ចប្រជុំ អញ្ជើញថ្លែងសុន្ទរកថាចំនួន១២លើក និងអញ្ជើញ ជួបពិភាក្សាទ្វេភាគី ត្រីភាគី និងជំនួបក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល នៃស្ថាប័ន តំបន់ និងអន្តរជាតិជាច្រើនទៀត។

ក្នុងក្របខណ្ឌ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចធិបតី នាយករដ្ឋមន្តី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានលើក ទី៤៣ ដែលប្រារព្ធពិធីបើកក្រោមអធិបតីភាព លោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី វេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ដៃគូក្នុងការអភិវឌ្ឈ កសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ កិច្ចប្រជុំ កំពូលអាស៊ាន-កូរ៉េលើកទី២៤ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦ កិច្ចប្រជុំកំពូលអាស៊ានបូក៣(ចិន ជប៉ុន កូរ៉េ)លើកទី២៦ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១១ កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា កិច្ចប្រជុំ កំពូលអាស៊ាន-ឥណ្ឌាលើកទី២០ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី៣ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៣។

ក្នុងក្របខណ្ឌទ្វេភាគី និងត្រីភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបពិភាក្សា ទ្វេភាគីជាមួយ អគ្គលេខាធិការអាស៊ាន ប្រធានាធិបតីឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្ត្រីសិង្ហបុរី ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ព្រះចៅស៊ុលតង់ ប្រទេសព្រុយ ណេដារូស្សាឡាម នាយករដ្ឋមន្ត្រីចិន ប្រធានាធិបតីហ្វីលីពីន ប្រធានាធិបតីកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីកោះឃុក នាយករដ្ឋមន្ត្រីជប៉ុន និងបានជំនួបពិភាក្សាត្រីភាគី ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ។ សម្តេចធិបតី ក៏បានឆ្លៀតជួបសំណេះសំណាលក្រៅផ្លូវការជាមួយអនុប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រី អូស្ត្រាលី នាយករដ្ឋមន្ត្រីឥណ្ឌា បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នតំបន់ និងអន្តរជាតិ ផ្សេងទៀត។ ក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសជាលើកដំបូងនេះ សម្តេចមហាបវរធិបតី និងគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានជោគជ័យយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

នៅលើវិស័យនយោបាយការទូត ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នតំបន់ និងអន្តរជាតិ បានចូលរួមអបអរសាទរប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងគាំទ្រសម្ដេចសម្តេចធិបតី ដែល ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានជម្រាបជូន នូវសេចក្ដីផ្តាំផ្ញើប្រកបដោយការនឹករលឹកបំផុត ជូនចំពោះ សម្ដេច ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះមេដឹកនាំបរទេសទាំងនោះដែលបានអបអរសារទរចំពោះ សម្តេច និងបានផ្តាំផ្ញើនូវ មនោសញ្ចេតនានឹករលឹកជូន សម្តេច ហ៊ុន សែន។

ក្នុងកិច្ចសន្ទនាទ្វេភាគី ត្រីភាគី និងក្រៅផ្លូវការនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំកំពូល នៃស្ថាប័នតំបន់ និងអន្តរជាតិ ក៏បានពិភាក្សា អំពីការបន្តពង្រឹង និងពង្រីក នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានទទួលការអញ្ជើញ ទៅបំពេញទស្សនកិច្ច និងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញមេដឹកនាំជាច្រើន មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្រប ណាមួយខាងមុខ។

នៅក្នុងសុន្ទរកថាទៅកាន់វេទិកា និងកិច្ចប្រជុំនានា សម្តេចនាយករដ្ឋមន្តី បានគូសបញ្ជាក់ពីសារសំខាន់នៃ សន្តិភាព នៅក្នុងតំបន់ និងពិភពលោក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមរបស់មនុស្សជាតិគ្រប់ប្រទេស និងគ្រប់តំបន់។ សម្ដេចធិបតី បានថ្លែងជាអាទិ៍ថា សង្គ្រាម មិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ ហើយក៏គ្មានការអភិវឌ្ឍណាអាចកើតឡើងដោយគ្មានសុខសន្តិភាពពេញលេញនោះដែរ។

លើវិស័យសេដ្ឋកិច្ចវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានភ្ជាប់ជានិច្ច នូវកិច្ចពិភាក្សាអំពីវិស័យ ដែលមានសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី នៅគ្រប់ជំនួប។ ថ្នាក់ដឹកនាំទាំងអស់ក៏បានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើន មានជាអាទិ៍ វិស័យពាណិជ្ជកម្ម វិនិយោគកសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ជាក់ស្ដែង សម្ដេច បានអញ្ជើញជាសាក្សី ជាមួយ លោកប្រធានាធិបតី ហ៊្វីលីពីន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូចនិងមធ្យម កម្ពុជា- ហ៊្វីលីពីន និងបានទទួលការឯកភាពគាំទ្រពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសក្នុងតំបន់មួយចំនួន ក្នុងការបង្កើនការនាំចូលទំនិញមួយចំនួនពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសទាំងនោះ ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី មទាំងផលិតផលអង្ករជាដើម។

ជារួមក្នុងអំឡុងពេលបំពេញបេសកម្មចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុង ហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំ កិច្ចពិភាក្សាទ្វេភាគី ត្រីភាគី និងកិច្ចសន្ទនាក្រៅផ្លូវការ ចំនួន៣២លើក ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលស្ថាប័នតំបន់ និងអន្តរជាតិ មិនតិចជាង២០រូបឡើយ។ ទន្ទឹមគ្នានោះដែរ មានធុរជន អញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន និងអន្តរជាតិជាច្រើនរូប ក៏បានបង្ហាញបំណងចង់ជួបសម្ដែងការគួរសម ជាមួយ សម្ដេចធិបតី ដើម្បីបង្ហាញការគាំទ្រ និងបំណងចង់មកបណ្តាក់ទុកវិនិយោគនៅកម្ពុជាផងដែរ។

ក្នុងឱកាសរួមដំណើរជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនោះដែរ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បាន អញ្ជើញចូលរួមក្នុងកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងប្រទេសដគូអាស៊ាន ដោយមានវត្តមាន លោកស្រី ជាភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់សរុបចំនួន១១រូបអញ្ជើញចូលរួមផងដែរ។ កម្មវិធី នេះមានការសម្តែងនិងបង្ហាញអំពីសិល្បៈ វប្បធម៌ចម្រុះ និងមានការដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុកនានា នៃប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកមួយ នៃការផ្លាស់ប្ដូរផ្នែកវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម៕