ភ្នំពេញ៖ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសម្រេចប្រើប្រាស់ Facebook វិញគួបផ្សំជាមួយ twitter,YouTube,TikTok Telegram ,instagram,បន្ទាប់ពីក្រុមហ៊ុនFacebookទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់ យុត្តិធម៌សម្រាប់រូបសម្តេច។
នៅក្នុងសារជូនបងប្អូនជនរួមជាតិជាទីស្រឡាញ់របស់សម្តេច នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេច សង្ឃឹមថាក្រុមហ៊ុនFacebook នឹង ប្រកាន់ខ្ជាប់នូវក្រមសឹលធម៍មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្ស មិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួល បានប្រាក់ចំណេញលើស២០០លាន ដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយ ដែលមានទឹកប្រាក់លើស២០លានដុល្លារ ក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។
បន្ថែមពីនេះ សម្តេច បញ្ជាក់ទៀតថា ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បាន ចេញសេចក្តីប្រកាសទទួលយកតំណាង ក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្ស ខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។
សម្តេច ហ៊ុន សែន ថ្លែងថា៖ «ការសម្រេចប្រើឬមិនប្រើFacebook គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គម តែភាគច្រើនខ្ញុំនៅជាមួយ TikTok និង Telegram។ សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន ដែលប្រើឈ្មោះសម្តេច បង្កើតFacebook, TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័យច្រឡំ»។
ជាមួយគ្នានេះ លោក ដួង តារា ជាអ្នកកាន់ផេកផ្ទាល់របស់សម្តេច បានសម្តែងនូវក្តីរីករាយជាមួយនឹងការសាទរចំពោះក្រុមហ៊ុន Facebook ដែលបានសម្រេចចិត្តមិនផ្អាកបង្កការរំខានដល់ផេក “Samdech Hun Sen of Cambodia”។ ការសម្រេចចិត្តនេះគឺបានបង្ហាញពីឆន្ទះច្បាស់លាស់និងចេតនាល្អរបស់ក្រុមហ៊ុនដែលចង់ឃើញ សម្តេច ហ៊ុន សែន បន្តប្រើប្រាស់ Facebook ឡើងវិញដែលមានអ្នក Followers ជាង១៤លាននាក់។ ពិតណាស់ ការប្រើប្រាស់របស់សម្តេចគឺមានប្រយោជន៍ធំធេងសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិដែលប្រសើរជាងការផ្អាកទុកចោល។
ជាមួយគ្នានេះ លោកថា លោក បានត្រៀមរៀបចំ Page “ Samdech Hun Sen of Cambodia” ប្រគល់ជូនសម្តេច ដើម្បីប្រើប្រាស់ជាផេកផ្លូវការរបស់សម្តេចឡើងវិញចាប់ពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៣ ស្របទៅនឹងការទទូចស្នើសុំពីសំណាក់បងប្អូនកូនក្មួយប្រជាពលរដ្ឋដែលចង់អោយសម្តេចប្រើប្រាស់ Facebook ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និង ទទួលដំណឹងផ្សេងៗពីប្រជាពលរដ្ឋដោយផ្ទាល់។ លោកបាន អរគុណបងប្អូនជនរួមជាតិចំពោះការគាំទ្រសម្តេចអោយបន្តប្រើប្រាស់បណ្តាញសង្គម Facebook ឡើងវិញដើម្បីជាប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិ៕