អំណឹះតទៅ នឹងមានប្រពៃណីមួយនៅកម្ពុជាគឺ អ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន ៣ នឹងទទួលបានគោរមងារជា “សម្តេច”

ភ្នំពេញ:យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត, អំណឹះតទៅ នឹងមាន ប្រពៃណីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង គឺ អ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន ៣ នឹងទទួលបានគោរមងារជា “សម្តេច” គឺ ៖ (១)-ប្រធានព្រឹទ្ធសភា, (២)-ប្រធានរដ្ឋសភា និង(៣)-នាយករដ្ឋមន្រ្តី”។

លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ដើម្បីជួយលោក ហ៊ុន ម៉ាណែត លើកិច្ចការបរទេស លើកឡើងថា គោរមងារជា “សម្តេច” គឺ ជាគោរមងារដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយ នៅក្នុងប្រទេសដែលប្រកាន់យករបបរាជានិយម ហើយវាសមស្របទៅនឹងប្រពៃណីបរមបុរាណដែល គោរមងារមួយចំនួន ត្រូវផ្សារភ្ជាប់នឹងមុខតំណែងកំពូលសំខាន់ៗរបស់ព្រះរាជាណាចក្រ ដូចយ៉ាង គោរមងារថា “ឧកញ៉ាចក្រី”, “ឧកញ៉ាក្រឡាហោម”, “ឧកញ៉ាយមរាជ” ជាដើម។

សម្រាប់បច្ចុប្បន្ន និងអំណឹះតទៅ, ជាច្បាប់ទម្លាប់នៅក្នុងប្រទេសជាតិយើង ដែលមានអង្គព្រះមហាក្សត្រ គ្រងរាជសម្បត្តិ និងគង់ជាប្រមុខនៃព្រះរាជាណាចក្រកម្ពុជា, គោរមងារជា “សម្តេច” មិនត្រឹមតែភ្ជាប់ជាមួយមុខតំណែងកំពូលរបស់ជាតិទាំងបីខាងលើប៉ុណ្ណោះទេ ប៉ុន្តែ ការរៀបចំគោរមងារជា “សម្តេច” សម្រាប់តំណែងកំពូលទាំងបីរបស់ជាតិខាងលើ គឺ ប្រាកដណាស់, មានអត្ថន័យដ៏ជ្រាលជ្រៅផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំ និងភាពគង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជា។

ជាមួយនឹងការថ្លែងអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះការទទួលបានគោរមងារដ៏ឧត្តុង្គឧត្តមនេះ លោកសូមជូនពរបវរមហាប្រសើរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវសុខភាពល្អ និងមហាជោគជ័យនៅក្នុងបេសកកម្មបម្រើជាតិ ប្រជាជន និងមាតុភូមិជាទីស្នេហានៃប្រជាជនខ្មែរ ជាពិេសស ការប្រកាន់បាននូវគោលជំហរយ៉ាងរឹងមាំ និងការប្តូរផ្តាច់ដាច់ខាតអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវពាក្យសច្ចារបស់សម្តេច ថ្វាយអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពាររាជបល្លង្ក និងរបបរាជានិយម នៅកម្ពុជា នៅពេលដែល សម្តេច ត្រូវបានចាត់តាំងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ៕