ទូតអឺរ៉ុបស្នើឱ្យមានការផ្សព្វផ្សាយទូលំទូលាយអំពីភាពជោគជ័យរបស់សាលាក្ដីខ្មែរក្រហម

ភ្នំពេញ: លោកស្រី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ស្នើសុំឱ្យមានការផ្សព្វផ្សាយទូលំទូលាយអំពីបណ្ណសារ នៃសំណុំរឿង និងដំណើរការកាត់សេចក្ដីប្រកបជោគជ័យរបស់សាលាក្ដីខ្មែរក្រហម។

ការស្នើលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលផុតអាណត្តិ នេះធ្វើឡើង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅពេលលោកស្រី បានស្នើសុំពិភាក្សាជាមួយ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស, ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាល ទទួលដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) រួមជាមួយលោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្តី និងជាប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. និងលោក ថោង សុជាតិ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្តី និងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃអ.វ.ត.ក.។

លោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ របស់សហភាព អឺរ៉ុបក្នុងរយៈពេល៤ឆ្នាំកន្លង ដែលបានរួមចំណែកដល់ដំណើរការកាត់សេចក្ដីរបស់អ.វ.ត.ក.ប្រកបដោយជោគជ័យ និងបន្តគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក និងលទ្ធផលរំពឹងទុកសមច បានក្នុងរយៈពេល៣ឆ្នាំ(២០២៣-២០២៥) ដោយបានលើកឡើងអំពីសារៈសំខាន់នៃការងារអប់រំនិង ផ្សព្វផ្សាយបណ្ណសារនៃសំណុំរឿង និងដំណើរការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហមឱ្យបានទូលំ ទូលាយនិងមានអត្ថន័យដល់សាធារណជននិងយុវជនជំនាន់ក្រោយ ព្រមទាំងនៅថ្នាក់តំបន់និងអន្តរជាតិ ដែលជាសមិទ្ធផលនិងកេរដំណែលរបស់ជាតិ ហើយក៏ជាសមិទ្ធផលរួមរបស់មនុស្សជាតិទាំងមូលផងដែរ។

ជាការឆ្លើយតប លោក កែវ រ៉េមី បានបញ្ជាក់ថា រដ្ឋបាលសាលាក្ដីខ្មែរក្រហមកំពុងតែមមាញឹកក្នុងការរៀបចំ និងកសាងបន្ទប់តាមស្ដង់ដារអន្តរជាតិសម្រាប់គ្រប់គ្រងនិងរក្សាបណ្ណសារសំណុំរឿង ដែលមាន ជិត៤លានទំព័រ កសាងបណ្ណាល័យ និងបន្ទប់សវនាការត្រាប់( Library and Moot Court) សម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ, ស្រាវជ្រាវនិងបណ្តុះបណ្តាល។

ជាមួយគ្នានោះដែរលោកកែវ រ៉េមី ក៏បានជម្រាប ជូនលោកជំទាវឯកអគ្គរដ្ឋទូតថា ថ្នាក់ដឹកនាំបន្តវេន គឺប្រកប ដោយសមត្ថភាពខ្ពស់ ឈ្លាសវៃ និងជវភាព (Dynanic) ហើយលើកឡើងផងដែរថា គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមគតិបណ្ឌិតដឹកនាំដ៏ឆ្លាតវៃរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុដាក់ខ្ពស់លើការងារអប់រំ និង ផ្សព្វផ្សាយក្នុងស្មារតីឱ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព, ពង្រឹងដល់ការចងចាំ(Remembrance) និង ការមិនវិលត្រលប់ឡើងវិញ(Non-Recurrence) នៃរបបឃោរឃៅបែបនេះនៅក្នុងសង្គមជាតិ។

ចំពោះតួនាទីក្នុងតំបន់និងអន្តរជាតិ លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងជាទស្សនៈថា កម្ពុជាមិន មែនជាប្រទេសក្រីក្រទៀតទេទាំងធនធាននិងបទពិសោធន៍ និងជាពិសេសជាប្រទេសមានសក្តានុពល ជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗដូចជាការកាត់សេចក្តីដោយជោគជ័យនៃរបបខ្មែរក្រហម។ ហេតុដូចនេះ កម្ពុជាដែលមានអំណាចទន់ (Soft Power) ក្នុងដៃ គប្បីមានមហិច្ឆតា និងគួរដើរ តួនាទីឱ្យកាន់តែសកម្មនិងនាំមុខ ដើម្បីចែករំលែក បទពិសោធន៍និងសមិទ្ធផល ទាំងអស់របស់ខ្លួនទៅលើឆាកតំបន់និងអន្តរជាតិ។

លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកជាសំណូមពរចំនួន២ចំណុចដល់រាជរដ្ឋាភិបាលសម្រាប់ធ្វើការពិចារណា រួមមានៈទី១-គួរពិនិត្យលទ្ធភាពឱ្យមានកិច្ចសហការគ្នាឬលំហរ (Open Space) នៃការចូលរួមសកម្មភាពឡើងវិញរបស់សង្គមស៊ីវិល និង សកម្មជនសិទ្ធិមនុស្សប្រកបដោយ លក្ខណៈបរិយាប័ន្ន (Inclusiveness) និងទី២-គួរជំរុញសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។

លោកកែវ រ៉េមី បានសន្យាពាំនាំសំណូមពរទាំងពីរខាងលើដល់ប្រមុខរាជរដ្ឋាភិបាល និងក៏បានជូនពរ លោកស្រីឯកអគ្គរដ្ឋទូតមានសុខភាពល្អ និងទៅបំពេញការងារថ្មីជាឯកអគ្គរដ្ឋទូតនៅប្រទេសស្រីលង្ការ ឱ្យទទួលបានជោគជ័យ៕