លោក ឃួង ស្រេង ដាក់ចេញគម្រោងជាកញ្ចប់ធំមួយ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញអាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងបានយូរអង្វែងឆ្នាំ។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាទីប្រឹក្សាផ្ទាល់ លោក បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំ សិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នាសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមកប្រជុំ ពិភាក្សានៅពេលនេះ គឺដើម្បី រៀបចំផែនការបន្ត លើការដោះស្រាយ ការលិចលង់ ដោយជំនន់ទឹកភ្លៀង អោយបានយូរអង្វែង។

លោក ឃួង ស្រេង បានជម្រុញអោយធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី១៥ទៅ២០ឆ្នាំ ។ ពាក់ព័ន្ធនិងការងារនេះរាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសន្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយអោយបានល្អ ជៀសវាងអោយបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថា បើលិចរោងចក្រ សហគ្រាសនោះ វានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទៀមទាអោយយើងត្រូវរួមគ្នាដោះស្រាយអោយបានល្អ ។

លោកបញ្ជាក់ថា ក្រោយកិច្ចប្រជុំ រកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងអាចរៀបចំជាគម្រោងធំមួយ ផ្ញើរទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះអោយបានល្អ ដែលអាចកាត់បន្ថយកាលិចលង់បានពី១៥ទៅ២០ឆ្នាំ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងដោយគិតមកដល់ពេលនេះ យើងស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ យើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត ។ ជាមួយគ្នានេះយើងបាន ដោះស្រាយបញ្ហាលិចលង់នេះបាន៣២កន្លែងរួចហើយ ហើយនៅពេលថ្មីនេះទៀត យើងដោះស្រាយបាន៧កន្លែងថ្មីទៀតផងដែរ៕