ក្រសួងមហាផ្ទៃស្វែងរកមុខអ្នកលបលួចបង្ហូរទឹក និង អ្នកបញ្ចេញវីដេអូករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកំពុងស្វែងរកមុខអ្នកលបលួចបង្ហូរទឹក និង អ្នកបញ្ចេញវីដេអូ ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃវេលាម៉ោង១១.០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣១ ខែសីហា នេះ ឱ្យដឹងថា ក្រោយហេតុការណ៍កើតឡើង គណៈកម្មការសាងសង់អគារ បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាល ឱ្យមានហានិភ័យអ្វីនោះឡើយ។

ប្រភពដដែលនេះ បន្តថា លើសពីនេះ ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មាន បុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់ សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។

ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ ជាអ្នកថតវីដេអូសកម្មភាព ប៉ុន្តែពុំទាន់ដឹងថា តើបុគ្គលណាជាអ្នកទម្លាយវីដេអូចេញទៅខាងក្រៅនៅឡើយ។

តាមសេចក្តីសន្និដ្ឋានរបស់គណៈកម្មការសាងសង់អគារ បញ្ជាក់ថា ករណីនេះ ពុំមែនបណ្ដាល មកពីលក្ខណៈបច្ចេកទេសសំណង់នោះឡើយ គឺអាចជាចេតនាទុច្ចរិតរបស់បុគ្គល ដែលមិនសប្បាយចិត្ត នឹងសមិទ្ធផលដ៏ល្អវិចិត្រផូរផង់ក្រោមការគ្រប់គ្រងចាត់ចែងរបស់គណៈកម្មការសាងសង់អគារថ្មីនេះ ក្នុង បំណងមិនល្អធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គណៈកម្មការសាងសង់អគារ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ទោះបីកាមេរ៉ាសុវត្ថិភាពពុំទាន់បំពាក់ រួចរាល់គ្រប់ជ្រុងនៅឡើយ ក៏គណៈកម្មការសាងសង់អគារ បានកំពុងបន្តនីតិវិធីស្រាវជ្រាវរកអត្តសញ្ញណ បុគ្គល ដែលលបលួចបើកក្បាលទុយោទឹក និងបុគ្គលដែលទម្លាយវីដេអូចេញទៅខាងក្រៅ ដើម្បីចាត់ការ តាមច្បាប់និងអនុវត្តវិន័យតាមលក្ខន្តិកៈមន្ត្រីនគរបាលជាតិ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាន ថ្លែងអំណរគុណចំពោះបណ្តាអង្គភាពសារព័ត៌មាន និង សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ កិច្ចការរបស់ក្រសួងមហាផ្ទៃ៕