ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា នឹងប្រារព្វភ្ជាប់នៅថ្ងៃទី១០ ខែកញ្ញា

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជេីញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា។ នេះបើតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

លោក កើត ឆែ បញ្ជាក់ថា បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ 92%ហេីយ។ តាមផែនការ ស្ពានខ្សែកាបនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអ៊ុំទូក ខាងមុខនេះ។

ស្ពានបេតុងខ្សែកាប១ខ្សែ ដែលឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ស្ពានមួយនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក៕