នាយករដ្ឋមន្ត្រី​ជប៉ុន ​៖ ដំណើរ​ទស្សនកិច្ច​រប​ស់​ស​ម្តេច ហ៊ុន សែន ទៅកាន់​មី​យ៉ាន់​ម៉ា គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​បែប​វិជ្ជមាន​បំផុត

ក្នុងជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា លោក Fumio Kishida នាយករដ្ឋមន្ត្រី​ជប៉ុន បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ពេល​កន្លងទៅនេះ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​បែប​វិជ្ជមាន​បំផុត​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​នាយកដ្ឋាន​ព័ត៌មាន​ក្រសួងការពារជាតិ​នៅថ្ងៃនេះ​។​

​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​បែបនេះ គឺធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ពិធី​សម្ពោធ​ស្ពាន​៧​កន្លែង​ក្នុង​ខេត្តក្រចេះ និង​ព្រៃវែង តម្លៃ​៣៥​លាន​ដុល្លារ ជា​ជំនួយ​រដ្ឋាភិបាល​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ​នេះ បាន​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​នៅតែ​បន្ត​រក្សា​ជំហរ​គាំទ្រ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពីដើម​ខែមករា កន្លងទៅនេះ​។​

​សម្រាប់​សម្តេច​នាយករដ្ឋមន្ត្រី ការគាំទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ គឺជា​សារ​នយោបាយ​មួយ​ដ៏​ជាក់លាក់ អំពី​វិធីសាស្ត្រ​ដោះស្រាយ​ដើម្បី​បញ្ចៀស​មនុស្ស​ស្លាប់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ឬ​សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​៕​