លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងថា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកថា មិនត្រឹមតែបញ្ញវន្តផ្នែកសេដ្ឋកិច្ច នៅកម្ពុជាប៉ុណ្ណោះទេ តែគឺជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយ។ នេះបើយោងតាមការបង្ហោះរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេសជប៉ុន។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានបង្ហាញអំពីការប្តេជ្ញាចិត្ត របស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ហើយបន្តគាំទ្រកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់ ខណៈកម្ពុជា គឺជាប្រទេសស័ក្តិសមជា ដៃគូយុទ្ធសាស្ត្រជប៉ុន។ លោក បានសម្តែងការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានាឆ្នាំ២០២៣ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លើការកែច្នៃសភាពការណ៍ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ដែលនេះ គឺជាចំណុចគន្លឹះ និងជាជោគជ័យនៃសិល្បៈដឹកនាំរបស់សម្តេចតេជោ នៅក្នុងការបំពេញតួនាទីដោះស្រាយកិច្ចការអន្តរជាតិផងដែរ។
ជាការឆ្លើយតបលោក ហ៊ុន ម៉ាណែត បានអរគុណដល់រាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមក ទាំងក្នុងដំណើរការស្វែងរកសន្តិភាពក្នុងទសវត្សរ៍ឆ្នាំ៨០ បេសកកម្មថែរក្សាសន្តិភាព ក្នុងទសវត្សរ៍ឆ្នាំ៩០ ហើយជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការស្តារកសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។
សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន លោក ហ៊ុន ម៉ាណែត បាននឹងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ (ថ្ងៃទី១៤-១៧ ខែកុម្ភៈ នេះ) នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រទេសទាំងពីរ បានឯកភាពគ្នាប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕