វិនិយោគិនមកពីទីក្រុងហ្វ៊ូចូវ ខេត្តហ្វ៊ូជៀនបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅទឹកដីកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូសហគ្រិនដែលប្រកបធុរកិច្ចលើវិស័យរ៉ែនិងថាមពល, កម្មន្តសាលម៉ាស៊ីនកម្តៅនិងម៉ាស៊ីនត្រជាក់, ទេសចរណ៍, សណ្ឋាគារប្រចាំខេត្តហ្វូជៀន មកពីទីក្រុងហ្វ៊ួចូវ ខេត្តហ្វ៊ូជៀន របស់ប្រទេសចិន បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅទឹកដីកម្ពុជា។

ការបង្ហាញចំណាប់អារម្មណ៍ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) និង លោក Xu Shiwen ប្រធានសហព័ន្ធសហគ្រាសប្រចាំទីក្រុងហ្វូចូវ។

លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូដែលបានមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាពនិងបរិយាកាសវិនិយោគនៅកម្ពុជា។

លោកបន្ថែមថា ស្របពេលដែលរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាឱ្យបន្តការពារសន្តិភាព បន្តការអភិវឌ្ឍ ការអញ្ជេីញមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជារបស់គណ:ប្រតិភូនាពេលនេះឆ្លុះបញ្ចាំងមិនត្រឹមតែការជឿទុកចិត្តលេីរដ្ឋាភិបាលថ្មីប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ដំណេីរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្រោមម្លប់សន្តិភាពដ៏កក់ក្តៅ។

ជាមួយគ្នានេះ លោក បានគូសរំលេច អំពីសក្តានុពលលើវិស័យនិងសកម្មភាពវិនិយោគនានាដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឱកាសសម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគដើម្បីទទួលបានផលចំណេញបន្ថែមពីលើកិច្ចសម្រួលនិងការលើកទឹកចិត្តដែលផ្តល់ដោយរាជរដ្ឋាភិបាល។

ក្នុងន័យនេះ លោក បានបង្ហាញជំនឿចិត្តថាគណៈប្រតិភូខេត្តហ្វូជៀននឹងសិក្សាសមិទ្ធិលទ្ធភាពលើវិស័យដែលសហគ្រាសមានចំណាប់អារម្មណ៍ ក្នុងគោលដៅសម្រេចបាននូវការវិនិយោគប្រកបដោយវិបុលភាព និងចីរភាព។

លោកសង្ឃឹមយ៉ាងមុតមាំថាវិនិយោគិននិងធុរជនដែលបានអញ្ជើញមកសិក្សានាឱកាសនេះនឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ៕