ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក ហ៊ុន ម៉ានី ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេច ហ៊ុន សែន ត្រូវបានព្រះករុរណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកដឹនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ជុំវិញការតែងតាំងនេះ លោក យង់ ពៅអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ Khmer CM នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះថា លោក ហ៊ុន ម៉ានី គឺជាឥស្សរិយជនមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ដឹកនាំគណៈកម្មការជំនាញអប់រំ និងវប្បធម៌ នៅក្នុងរដ្ឋសភាព កន្លងមកនេះ។

លោកបន្តថា ដូច្នេះ លោក ហ៊ុន ម៉ានី ត្រូវបានតែងតាំងឱ្យ មកដឹកនាំក្រសួងមុខងារសាធារណៈនៅពេលនេះ មិនទាស់ខុសអ្វីនោះទេ ព្រោះលោកហ៊ុនម៉ានីមានជំនាញខាងមុខងារនយោបាយ និងអប់រំ ស្របទៅនឹង គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ានី មានអាយុ ៤០ឆ្នាំ មកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានជាប់ឆ្នោត ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ ចំនួនពីរអាណត្តិមកហើយ គឺមមកទល់ពេលនេះ ។ មុនពេលលោក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា សម្រាប់នីតិកាលកាលទី៦។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏ជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ លោក កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៨២ នៅរាជធានីភ្នំពេញ។ កាលពីឆ្នាំ ១៩៩១ កុមារ៉ា ហ៊ុន ម៉ានី ដែលទើបមានអាយុ៩ឆ្នាំ ត្រូវបាន ត្រូវបានសម្តេច ហ៊ុន សែន ដែលជា ឪពុក បញ្ជូនទៅសិក្សានៅប្រទេសបារាំងជាមួយបងប្រុស គឺលោក ហ៊ុន ម៉ានិត។

កុមារ៉ា ហ៊ុន ម៉ានី បានសិក្សានៅប្រទេសបារាំងរហូតដល់ឆ្នាំ១៩៩៨ មុននឹងចេញទៅបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក ហើយបន្ទាប់មកបានចូលសិក្សាថ្នាក់មហាវិទ្យាល័យផ្នែកវិទ្យាសាស្ត្រនយោបាយរហូតដល់ឆ្នាំ២០០៥។

ក្រោយពីបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក លោក ហ៊ុន ម៉ានី បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។

នៅឆ្នាំ២០០៩-២០១០ លោក ហ៊ុន ម៉ានី ដែលកំពុងមានតួនាទីជាជំនួយការលោកនាយករដ្ឋមន្ត្រី ក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យការពារជាតិក្នុងសហរដ្ឋអាមេរិក ផ្នែកសន្តិសុខជាយុទ្ធសាស្ត្រ (Strategic security study) ដែលជាការសិក្សាផ្តោតលើការប្រឆាំងអំពើភេរវកម្ម៕