ស្អែកនេះ​ គ.ជ.ប​ នឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កាលពីថ្ងៃទី ២៣ ខែក្កដា ឆ្នាំ២០២៣ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមកិច្ចប្រជុំរបស់គ.ជ.ប នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ ។

យោងតាមសេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំគ.ជ.ប ដែលដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បាន ឱ្យដឹងថា ឯកភាពលើប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣(វិសោធនកម្ម ចំណុចទី២១-២៧)។

ចំណុចទី២១ ក្នុងប្រតិទិន៖ ការប្រកាសលទ្ធផលបណ្តោះអាសន្នដោយ គ.ជ.ប (ករណីគ្មាន ឬមានពាក្យបណ្តឹង និងគ្មានការបោះឆ្នោតសាជាថ្មី) ប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ (ថ្ងៃចុងក្រោយ)។

ចំណុចទី២៧ ក្នុងប្រតិទិន៖ ការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត (ករណីគ្មាន ឬមានពាក្យបណ្តឹង និងករណីគ្មាន ការបោះឆ្នោតសាជាថ្មី) ប្រកាសថ្ងៃទី៤ ខែសីហា-ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣៕