សូមប្រុងប្រយ័ត្ន! ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ថ្ងៃ

ភ្នំពេញ៖ យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្ដាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្ល មេគង្គ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែកក្កដានេះ។

សេចក្តីជូនដំណឹងនេះ បញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃ ខាងមុខនេះ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧,៦៥ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៦,៧០ ម៉ែត និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩,៩០ ម៉ែត្រ ។

សេចក្តីជូនដំណឹងដដែលបន្តថា ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ ទំនាបមួយចំនួនអមដងទន្ល និងហូរចូលទៅតាមបណ្ដាព្រែកមួយចំនួន ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ សាធារណជនសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់៕