ព្រះមហាក្សត្រ បង្ហាញជំនឿថា ចំណងមិត្តភាព កម្ពុជា-ចិន នៅតែរឹងមាំ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជឱង្ការថា ក្នុងកាលៈទេសៈនៃការប្រែប្រួលស្ថានការណ៍ពិភពលោកដែលកំពុងកើតមាន ព្រះអង្គមានទំនុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំនិងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ខណៈការថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់មនុស្សជំនាន់ក្រោយ។

យោងតាមព្រះរាជសារលិខិតរបស់ព្រះករុណាព្រះមហាក្សត្រ ផ្ញើជូនលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ព្រះមហាក្សត្រមានព្រះរាជឱង្ការំលឹកប្រវត្តិ សាស្ត្រដ៏យូរលង់នៃមិត្តភាពជាប្រពៃណីដែលត្រូវបានបង្កើតឡើង និងជូនជ្រុំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដមសីហនុ “ព្រះបរមរតនកោដ្ឋ» និងលោកប្រធាន ម៉ៅ សេទុង ក៏ដូចជាលោក ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិន ព្រមទាំងត្រូវបានជំរុញដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗទៀត នៃប្រទេសទាំងពីរមានការរីកចម្រើនប្រកបដោយភាពស៊ីជម្រៅ និងវិសាលភាព បើទោះបីជាមានការផ្លាស់ប្តូរយ៉ាងឆាប់ហ័ស នៅក្នុងប្រទេសទាំងពីរ និងក្នុងតំបន់ក៏ដោយ។

ព្រះមហាក្សត្រ ព្រះអង្គមានសេចក្តីសោមនស្សរីករាយដែលមើលឃើញសមិទ្ធផល គួរឲ្យកត់សំគាល់ លើគ្រប់វិស័យ និងមានទំនុកចិត្តយ៉ាងពេញទំហឹងលើកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលទើបបង្កើតថ្មី នឹងបន្តកាន់តែស៊ីជម្រៅ និងរីកចម្រើន ដើម្បីជំរុញកសាងសហគមន៍វាសនារួមកម្ពុជា-ចិន កាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ព្រះមហាក្សត្រមានព្រះរាជឱង្ការទៀតថា «កម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់ចិនដែលបានបង្កើតឡើង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម ខ្ញុំជឿជាក់យ៉ាងមុតមាំថា ចិននឹងបន្តទទួលបាននូវភាពរីកចម្រើន វិបុលភាព និងការអភិវឌ្ឍបន្ថែមទៀត។ ក្នុងកាលៈទេសៈនៃការប្រែប្រួលស្ថានការណ៍ពិភពលោកដែលកំពុងកើតមាន ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ខណៈបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែបដែលជារតនសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់មនុស្សជំនាន់ក្រោយ»។

ព្រះមហាក្សត្របន្ថែមថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនមួយ គាំទ្រគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ ហើយនឹងធ្វើការរួមគ្នា ជាមួយមិត្តចិន ដើម្បីធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ វិស័យនានា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕