ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ គណបក្សនយោបាយធំៗចំនួន ៣ ក្នុងចំណោមគណបក្សទាំង ១៨ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ បានធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតទ្រង់ទ្រាយធំក្នុងរាជធានីភ្នំពេញ ។
គណបក្សប្រជាជនកម្ពុជាបាន រៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដើម្បីដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៣០,០០០នាក់ ដោយនៅម៉ោង ៧ ៖ ៣០ នាទី ហែចេញពីកោះពេជ្រ ឆ្ពោះទៅរង្វង់មូលសម្តេច សង្ឃជួនណាត បត់ស្តាំចូលតិរវិថីព្រះស៊ីសុវត្ថិ បត់ឆ្វេងចូលផ្លូវលេខ១០៦ បន្ទាប់មកក្បួនបាន ចាប់ផ្តើមបំបែកជា២ ក្នុងនោះ ក្បួនទី១ បានធ្វើដំណើរបន្តដោយបត់ឆ្វេងចូលផ្លូវលេខ១៩ បត់ស្តាំ ចូលផ្លូវលេខ១៣០ បន្ទាប់មកបត់ឆ្វេងចូលផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) រួចបត់ឆ្វេងចូលផ្លូវលេខ២១៤ បត់ស្តាំចូលផ្លូវសុកហុក (ផ្លូវលេខ១០៧) បត់ឆ្វេងចូលមហាវិថីហ្សាដឺហ្គោល (ផ្លូវលេខ២១៧) ឆ្ពោះទៅស្តុបនាងគង្ហីង បន្ទាប់មកបត់ស្តាំចូលមហាវិថីឆេកូស្លូវ៉ាគី (ផ្លូវលេខ១៦៩) ឆ្ពោះទៅ ស្ដុបក្តាន់ពីរ និងបន្តដំណើរចូលតំបន់បឹងកក់។ ក្បួនទី២ បន្តដំណើរត្រង់តាមផ្លូវលេខ១០៦ ឆ្ពោះទៅតំបន់បឹងកក់ ដោយឆ្លងកាត់មុខស្ថានីយអយស្ម័យយានភ្នំពេញ រហូតដល់ទីតាំងជួបជុំ។ បន្ទាប់មកសមាជិក សមាជិកានៃក្បួនទាំងពីរបានមកជួបជុំគ្នានៅមុខឆាកប្រគំតន្ត្រី ស្ថិតក្នុង តំបន់បឹងកក់រួចរំសាយ។
គណបក្សហ៊្វុនស៊ិនប៉ិចបានរៀបចំជួបជុំសមាជិក សមាជិកា នៅលើចិញ្ចើមមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយមានអ្នកចូលរួមចំនួន ២,៥០០នាក់ បន្ទាប់មកនៅវេលាម៉ោង ០៨:០០នាទី ក្បួននឹងហែចេញពីទីតាំងជួបជុំតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន រួចបត់ឆ្វេងចូលមហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) កាត់តាមបុរីជីបម៉ុង បត់ស្តាំ ចូលផ្លូវបឹងទំពុន (ផ្លូវលេខ៣៧១) បត់ឆ្វេងចូលផ្លូវលេខ២៧១ ឆ្ពោះទៅស្ពានអាកាស៧មករា បន្តចូលផ្លូវលេខ៥៩៨ ដល់រង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូលផ្លូវឧកញ៉ាម៉ុងឬទ្ធី (ផ្លូវលេខ១៩២៨) បត់ឆ្វេងចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ រួចបត់ឆ្វេងចូលផ្លូវលេខ១៩៨៦ បន្តបត់ឆ្វេង ផ្លូវលេខ១០០៣ រហូតដល់ចំណុចផ្លូវលេខ១០០៣កែងនឹងផ្លូវលេខ១៩៦៦ ឈប់សម្រាក អាហារថ្ងៃត្រង់។ នៅវេលាម៉ោង ១៤:០០នាទី ក្បួនចេញពីទីតាំងសម្រាកតាមបណ្ដោយផ្លូវលេខ ១៩៦៦ បត់ឆ្វេងចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី បត់ស្តាំចូលផ្លូវលេខ៣៥៥ បន្ទាប់ មកបត់ស្តាំចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះទៅរង្វង់មូលកាំភ្លើងកួចកាណុង និងបន្តតាមផ្លូវលេខ៧៤ រួចបត់ស្តាំចូលតីរវិថីព្រះស៊ីសុវត្ថិ បត់ស្តាំចូលផ្លូវលេខ១៣០ បត់ស្តាំចូល ផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) ឆ្ពោះទៅទីស្នាក់ការគណបក្សវិញ។ និង
គណបក្សខ្មែររួបរួមជាតិបានរៀបចំជួបជុំសមាជិក សមាជិកានៅលើចិញ្ចើមផ្លូវមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានអ្នកចូលរួមប្រមាណ ១,២០០នាក់ បន្ទាប់មកនៅវេលាម៉ោង ១៤:០០នាទី ក្បួនចេញពីទីតាំងជួបជុំឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី រួចបត់ស្តាំចូលផ្លូវលេខ៣៥៥ ឆ្ពោះទៅអង់តែនទួលគោក បន្តតាមវិថីសម្តេចប៉ែននុត (ផ្លូវលេខ២៨៩) បន្តដំណើរតាមក្រោម ស្ពានអាកាស៥មករា បន្តចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រួចបត់ឆ្វេងចូលវិថីឧកញ៉ ទេពផន (ផ្លូវលេខ១៨២) បន្ទាប់មកបត់ស្តាំចូលមហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) ឆ្ពោះទៅស្តុប អាងទឹកអូឡាំពិក រួចបត់ស្ដាំចូលមហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) រួចបត់ឆ្វេងចូល មហាវិថីម៉ៅសេទុង (ផ្លូវលេខ២៣៤) បន្តដំណើរបត់ស្តាំចូលមហាវិថីព្រះមុនីវង្ស បត់ស្តាំចូល ផ្លូវលេខ៤៨៤ ឆ្ពោះទៅរង្វង់មូលផ្សារដើមថ្កូវ បត់ស្តាំចូលផ្លូវលេខ៤៨៤ បត់ឆ្វេងចូលផ្លូវលេខ២៧១ នឹងបត់ស្តាំចូលផ្លូវបឹងទំពុន (ផ្លូវលេខ៣៧១) បត់ស្តាំចូលផ្លូវចំការដូង ហើយបន្តត្រង់ចូលមហាវិថី សម្ដេចមុនីរ៉េត (ផ្លូវលេខ២១៧) ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់មកបត់ឆ្វេងចូល ផ្លូវលេខ២៧១ រួចបន្តចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី និងបន្តបត់ឆ្វេងចូលមហាវិថី អង្គរឆ្ពោះទៅទីតាំងជួបជុំវិញ ដើម្បីរំសាយ៕