ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប ចេញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។
សម្តេច ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គម តេឡេក្រាមនៅយប់ថ្ងៃទី១៦ ខែកក្កដានេះ ឱ្យដឹងថា ចាប់តាំងពីបើកយុទ្ធនាការឃោសនាបោះឆ្នោត គិតរហូតមកដល់ពេលនេះ មានរយៈពេល១៦ថ្ងៃហើយ ដែលគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង បានធ្វើសកម្មភាពឃោសនាយ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពសប្បាយរីករាយ និងហាក់ដូចជាចាត់ទុកថា អំឡុងយុទ្ធនាការឃោសនានេះជាបុណ្យមួយដ៏សប្បាយរីករាយរបស់ពួកគាត់ដូច្នោះដែរ។
សម្តេច ហ៊ុន សែន បន្តថា “ស្របជាមួយនឹងព្រះរាជអំពាវនាវរបស់ ព្រះមហាក្សត្រ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំក្នុងនាមនាយករដ្ឋមន្ត្រី សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជី សូមអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា”។
ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពទូទៅថ្ងៃទី១៦ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៧ បានហែក្បួនឃោសនារកសំឡេងឆ្នោត។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់ប្រាំមួយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕