សម្ដេច ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ ទៅបោះឆ្នោតគ្រប់ៗគ្នា

ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ និងពេញចិត្ត។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចបានអំពាវនាវជនរួមជាតិ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស គណបក្សនយោបាយ និងមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ពេញចិត្ត និងជឿជាក់ថា ពិតជាគណបក្សដែលដឹកនាំធ្វើឲ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍ មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងភាពសម្បូរសប្បាយរុងរឿង ជូនប្រទេសជាតិ និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត។
 
ការអំពាវនាវរបស់សម្តេច ហ៊ុន សែន នេះ ធ្វើឡើងក្នុងគ្រាដែលក្រុមប្រឆាំងនៅក្រៅប្រទេស នៅតែបន្តយុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត ប៉ុន្តែបើទៅបោះឆ្នោត ត្រូវគូសបំផ្លាញសន្លឹកឆ្នោតចោល៕