រដ្ឋមន្ត្រី​ក្រសួង​ការងារ ​ថា ក្រសួង​ នឹង​ចុះ​ត្រួតពិនិត្យ​ទិន្នន័យ​កម្មករ​និយោជិត​ ដែល​បាន​ចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃ​ទី​១ មីនា ខាងមុខនេះ

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា បានប្រកាសថា ក្រុម​អធិការ​ការងារ​របស់​ក្រសួង​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ការងារ ដើម្បី​ត្រួតពិនិត្យ​ទិន្នន័យ​កម្មករ​និយោជិត​ ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ចាប់ពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២២​ខាងមុខនេះ​តទៅ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​។​

​ការប្រកាស​របស់​ក្រសួង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​សន្ទុះ​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង បាន​នឹង​កំពុង​វាយលុក​នាពេល​បច្ចុប្បន្ន​នេះ ដែល​ធ្វើឱ្យ​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​រដ្ឋបាល​រាជធានី ខេត្ត បានធ្វើការ​ក្រើនរំលឹក​និង​ដាក់ចេញ​នូវ​វិធានការ​នានា​ដើម្បី​កាត់បន្ថយ​ការចម្លង​វីរុស​មួយ​នេះ​។​

​ទន្ទឹមនឹង​គ្នា​នេះ​ផងដែរ ក្រសួង​បាន​ក្រើនរំលឹក​ឱ្យ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់​ទំនាក់​ទំនង​បន្ទាន់​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រៀបចំ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​កម្មករ​និយោជិត​នៅ​តាម​ទីតាំង​ណាមួយ​ ដែល​មាន​ភាព​ងាយស្រួល​សម្រាប់​កម្មករ​និយោជិត​។

ក្នុងនោះ​ត្រូវ​ជំរុញ​អប់រំ​ផ្សព្វផ្សាយ​ពួកគាត់​ឱ្យ​យល់ដឹង​ពី​ភាព​ចាំបាច់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ និង​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ដោយ​ត្រូវ​ផ្តល់​នូវ​ការ​ឈប់​សម្រាក​មួយថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល​នៅ​ពេលដែល​ពួកគាត់​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។​

​បន្ថែម​ពី​នេះ ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​ស្តីពី​ដំណើរការ និង​ការគ្រប់គ្រង​រោងចក្រ សហគ្រាស តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស ការរៀបចំ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ច្រក​ទ្វារ​ចេញ​-​ចូល រោងចក្រ សហគ្រាស​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​។​

​ក្រសួង​បន្តថា ក្នុង​នោះ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​នៅ​កន្លែងធ្វើការ និង​កាត់បន្ថយ​ការ​ប្រមូលផ្តុំ​កម្មករ​និយោជិត ការ​លាង​សម្អាត​ដៃ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​កន្លែងធ្វើការ និង​កន្លែង​ប្រើប្រាស់​រួមគ្នា និង​ការ​តាមដាន​សុខភាព​កម្មករ​និយោជិត​៕