តុលា​ការ​ហៅ​សកម្មភាព​លោក ឌួង ងៀប ដែល​ប្រើ​បណ្តាញ​សង្គម​ចោទប្រកាន់​តុលាការ​ គឺជា​ការ​គេចវេះ​ពី​ការទទួលខុសត្រូវ​របស់​ខ្លួន

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចាត់ទុក​សកម្មភាព​របស់លោក ឌួង ងៀប ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន និង​ការ​ស្រែក​ប្រកាស​ក្តែ​ងៗ​ពី​ភាព​អយុត្តិធម៌ និង​មាន​អំពើពុករលួយ​ក្នុង​ដំណើរការ​រឿងក្តី​របស់ខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​គឺជា​សកម្មភាព​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់លោក ខណៈដែល​តុលាការ​កំពុង​ដំណើរកា​រ​នីតិវិធី​តាមផ្លូវ​ច្បាប់​លើ​សំណុំរឿង​របស់​លោក​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ​។​

ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​លោក ឌួង ងៀប នៅក្នុង​តុលាការ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា សំណុំរឿង​លោក ឌួង ងៀប តុលាការ​កំពុង​ដំណើរការ​នីតិវិធី​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​: ៧២១៧ ចុះ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​លោក​រង​ការចោទប្រកាន់​ពី​បទ​ឆបោក និង មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន លើ​អង្គហេតុ​ពាក់ព័ន្ធ​នឹង​ការ​លក់​អចលនវត្ថុ​មួយ​កន្លែង ​ដែល​មាន​ដើម​បណ្តឹង​ឈ្មោះ CHIH YU YEN និង​ឈ្មោះ YAO CHING KING ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​អាមេរិក​។​

ក្នុងការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ខាងលើនេះ លោក ដួង ងៀប បានចេញ​មូលប្បទានប័ត្រ​ចំនួន​៣​សន្លឹក សរុប​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​អាមេរិក ទៅឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​។ តុលាការ​ថា មូលប្បទានប័ត្រ​ដែល​លោក ឌួង ងៀប ចេញ​ឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នោះ​គឺ​គ្មាន​សាច់ប្រាក់​នោះទេ នៅ​ពេល​ដែល​ដើម​បណ្តឹង​រដ្ឋប្បវេណី​យក​ទៅ​បើក​នៅ​ធនាគារ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្តថា ក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​បាន​ពិនិត្យ ផ្ទៀងផ្ទាត់​ភស្តុតាង និង​សួរចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ហើយ​បានសម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដោយ​ជំនួស​មកវិញ​នូវ​ការដាក់​ជន​ត្រូវ​ចោទ​ឱ្យនៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​តម្រូវ​ឱ្យ​ដាក់​ប្រាក់​ធានា​មិន​ឃុំខ្លួន​ចំនួន​ទឹកប្រាក់​ជាង​៥​លាន​ដុល្លារ​អាមេរិក មក​តម្កល់​នៅ​គណនី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា “​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប បានគេច​វេះ​ពី​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​ក៏បាន​ចាត់វិធានការ​បន្ត​តាម​នីតិវិធី ស្របតាម​បញ្ញត្តិ​មាត្រា ២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​”​។​

​ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ គឺធ្វើឡើង​បន្ទាប់ពី​លោក ឌួង ងៀប ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ងារ​ជា​ឧកញ៉ា និង​ជា​អ្នកជំនួញ​ដ៏​ល្បី​មួយ​រូប​ដែរ​នោះ កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២ បានសម្រេច​ដើរចូល​គុក​ដោយ​ខ្លួនឯង បន្ទាប់ពី​រូបលោក​អះអាងថា លោក​រង​ភាពអយុត្តិធម៌​ជាខ្លាំង​នៅក្នុង​ដំណើរការ​នីតិវិធី​នៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​លោក​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​បទល្មើស ឆបោក​លុយ​ជនជាតិ​តៃវ៉ាន់ ខណៈ​ដែល​លោក​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ទាល់តែសោះ​ក្នុង​រឿង​នេះ​។​

​ឈរ​នៅ​ចំ​ពីមុខ​ខ្លោងទ្វារ​ពន្ធនាគារ​ព្រៃ​ស រាជធានី​ភ្នំពេញ លោក ឌួង ងៀប បាន​ប្រកាស​ក្តែ​ងៗ​ថា “​ខ្ញុំ​អស់​លុយ​ហើយ ឥឡូវ​តុលា​ការ​ហៅ​ខ្ញុំ​ទៅ​សួរ​អី នាំខ្លួន ចាប់ខ្លួន​អី ឥឡូវ​ខ្ញុំ​ចូល​គុក​ខ្លួនឯង​តែ​ម្តងទៀត ចេញ​ដីកាឃុំខ្លួន​ខ្ញុំ​ចុះ​”​។ លោក ថា “​ទៅដល់​ទាល់តែ​កាន់​លុយ​ទៅបាន​រួចខ្លួន បើ​មិន​អញ្ចឹងទេ រួចខ្លួន​តែ​ឥឡូវ ខែក្រោយ​ទៀត​។ ឥឡូវ​បើ​ថា​ខ្ញុំ​ខុស ធ្វើទៅ​! យក​ខ្ញុំ​ឃុំ​ដាក់គុក​ម្តង​ទៅ​!”​។​

​ជា​ចុងបញ្ចប់​នៃ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា “​សាលាដំបូង​នឹង​បន្ត​អនុវត្តតាម​នីតិវិធី​ជា​ធរមាន​ចំពោះ​ករណីនេះ ដោយ​មិន​អនុញ្ញាតឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ឡើយ​”៕​