សត្វសំពោចក្រអូប ២ក្បាល គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

សៀមរាប៖ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានដឹកជញ្ជូន សត្វ សំពោចក្រអូប(Common palm civets) មួយគូ(ញី១ និងឈ្មោល១) ពីមជ្ឈមណ្ឌលសង្រ្គោះ សត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង នឹង ដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរនៅពេលខាងមុខ។

អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ១១ ខែកក្កដា នេះ ឱ្យដឹងថា កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល (កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម (Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៨ក្បាល (កើតកូនបានចំនួន៥ក្បាល) សត្វឆ្មារដាវ(Leopard Cat) ចំនួន២ក្បាល កេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល កេងកងធំ(Great Hornbill) ចំនួន៦ក្បាល ព្វាំង(Wreathed Hornbill) ចំនួន៧ក្បាល សត្វក្ងោក(Peafowl) ចំនួន៩ក្បាល សត្វអន្សង(Common Water Monitor) ចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំ ជាប្រចាំ ពីក្រុមការងារ។

ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ តំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញ មានបំណងមិនល្អ បញ្ឈប់ការដាក់អន្ទាក់សត្វគ្រប់ប្រភេទ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕