ក្រុមការងារហ្វេសប៊ុករបស់ សម្តេច ស ខេង ទទួលសំណូមពរ និងសំណួរពីពលរដ្ឋ ចំនួន ៣៩៧គណនី

ភ្នំពេញ៖ ចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារហ្វេសប៊ុកសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣៩៧គណនី បានដោះស្រាយ និងឆ្លើយតបចំនួន ១៣២គណនី កំពុងដោះស្រាយចំនួន ១៨១គណនី។

នេះបើតាមលទ្ធផលការងារ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ។

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យដឹងថា បើគិតពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ ទទួលមតិយោបល់ សំណើ សំណូមពរ និងបញ្ហានានាចំនួន ៣.៧៧៧គណនី ក្នុងនោះបានដោះស្រាយឆ្លើយតប ២.២៦៦គណនី កំពុងពិនិត្យដោះស្រាយ៤៥៥គណនី។

សម្តេច បន្តថា វឌ្ឍនភាពជាបន្តបន្ទាប់នៃការងារនេះ អាចសម្រេចបានក៏ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។

ជាមួយគ្នានេះ សម្តេច ស ខេង បានកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍ ។ល។

បន្ថែមពីនេះ សម្តេច ក៏បាន ស្នើសុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថាដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។

សម្តេច ស ខេង ថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង”។

ជាថ្មីម្តងទៀត សម្តេច ស ខេង ក៏សូមការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕