ថ្ងៃទី៩ នៃការឃោសនាបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន និងគ្មានអំពើហឹង្សា

ភ្នំពេញ៖ ថ្ងៃទី៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តិទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៨ បានហែក្បួនឃោសនា នៅថ្ងៃទី៩នេះ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលបោះឆ្នោតចំនួន ៧ គឺនៅមណ្ឌលខេត្តកំពង់ស្ពឺ កណ្ដាល កោះកុង ព្រះវិហារ មណ្ឌលគិរី ត្បូងឃ្មុំ និងមណ្ឌលរាជធានីភ្នំពេញ។ គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង កំពង់ធំ កំពត ស្វាយរៀង ពោធិ៍សាត់ តាកែវ និងមណ្ឌលខេត្តកំពង់ចាម។

គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ គណបក្សកសិករ ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តមណ្ឌលគិរី។ គណបក្សកម្លាំងប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពត។ គណបក្សឯកភាពជាតិខ្មែរ ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រះសីហនុ។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ។

ក្រៅពីគណបក្សនយោបាយទាំង ៨ ខាងលើ គណបក្សនយោបាយ ចំនួន ៧ ផ្សេងទៀត រួមមាន គណបក្សស្រ្តីដើម្បីស្ត្រី គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា និងគណបក្សធម្មាធិបតេយ្យ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។ ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទី៩នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

ជុំវិញបញ្ហានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់ Khmer CM ឱ្យដឹងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ នេះ ថា ចាប់តាំងពីថ្ងៃទី ១ នៃយុទ្ធនាយការឃោសនាបោះឆ្នោត រហូតមកទល់បច្ចុប្បន្ននេះ ការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយទាំង១៨ បានប្រព្រឹត្តិទៅជាប្រក្រតី គ្រប់រូបភាព និងតាមទម្រង់ផ្សេងគ្នា ដូចជាការហែរក្បួនទ្រង់ទ្រាយធំ និងគណបក្សផ្សេងទៀត ចាក់មេក្រូនៅទីតាំង និង ជួបជុំសមាជិក និងការចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះព្រមទាំងមានការប្រគុំតន្ត្រីផងដែរ។

ជាមួយគ្នានេះ លោក បានវាយតម្លៃថា ការឃោសនារបស់គណបក្សនយោបាយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានប្រព្រឹត្តិទៅដោយរលូន គ្មានការគំរាមកំហែក និងអំពើហឹង្សា រួមទាំងគ្មានបញ្ហាណាមួយដែលបង្ករឱ្យមានការរារាំងដល់ដសំណើរការឃោសនាបោះឆ្នោតនោះទេ។

បើតាម គ.ជ.ប ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕