កម្ពុជា​ នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពីថ្ងៃ​ទី​១៥ ដល់​១៧ ខែកុម្ភៈ ឆ្នាំ​២០២២​ខាងមុខនេះ​

ក្រសួងការបរទេស​កម្ពុជា បានប្រកាសថា កម្ពុជា​ជា​ប្រធាន​អាស៊ាន​ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពីថ្ងៃ​ទី​១៥ ដល់ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​នៅ​ថ្ងៃទី​១០ កុម្ភៈ​នេះ​។​

ក្រសួង បន្តថា កិច្ចប្រជុំ​ខាងលើនេះ ​នឹង​ធ្វើឡើង​តាមរបៀប​ជា​ការ​ចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​។ សម្រាប់​ភាគី​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ​នឹង​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​នេះ​។​

​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នេះ នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​ការសម្រេច​នានា​របស់​ថ្នាក់ដឹកនាំ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​លើក​ទី​៣៩ ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​មធ្យោបាយ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​ទំនាក់ទំនង​ខាងក្រៅ​ជាមួយ​ដៃគូ​សន្ទនា​នានា​។ កិច្ចប្រជុំ​នេះ​ក៏​នឹង ​ពិភាក្សាគ្នា​អំពី​របៀប និង​វិធីសាស្ត្រ ដើម្បី​កៀរគរ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ដែល​កាន់តែ​ធ្ងន់​រឹងមាំ​ឡើង ប្រកបដោយ​ថាមពល ពោរពេញ​ដោយ​សន្តិភាព និង​វិបុលភាព​។​

ក្រសួង បាន​បន្ត​ថា ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​លើកឡើង​អំពី​សមិទ្ធផល​សំខាន់ៗ ដែល​នឹង​ត្រូវ​សម្រេច​បាន​ក្នុងអំឡុងពេល​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ក្រោម​មូលបទ “​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​” ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជា​យុទ្ធសាស្ត្រ​ដែល​កំពុង​កើតឡើង​នៅក្នុង​តំបន់​។​

​ក្នុងនោះ​ការគ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ដំណើរការ​ស្តារឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន ការប្រកួតប្រជែង​ភូមិសាស្ត្រ​-​នយោបាយ បញ្ហា​ជា​ប្រពៃណី និង​មិន​ប្រពៃណី​ដែលមាន​ស្រាប់ និង​ការពង្រឹង​ភាព​ស្អិតរ​មួ​ត មជ្ឈភាព និង​ភាព​ធន់​រឹងមាំ​របស់​អាស៊ាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​៕​