សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឱ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បង្កើនការត្រួតពិនិត្យលើអ្នកបើកបររថយន្តដឹកជញ្ជូនធំៗ ដែលសម្តេចថា ភាគច្រើនពាក់ព័ន្ធនឹងគ្រឿងញៀន។
សម្តេច បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេច បានបញ្ជាក់ថា “ខ្ញុំជឿថា សុំឱ្យឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបន្តជាមួយសហការី ធ្វើរឿងហ្នឹងឆែកមើលទៀត។ ភាគច្រើនគឺគ្រឿងញៀន ពាក់ព័ន្ធគ្រឿងញៀន”។
ត្រង់ចំណុចនេះ សម្តេចស្នើឱ្យវិស័យឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការពិនិត្យអ្នកបើកបរទាំងអស់នេះ។ សម្តេច បានសង្កត់ធ្ងន់ថា “មិនតិចទេពាក់ព័ន្ធនឹងគ្រឿងញៀន”។
សម្តេច បានបន្តថា យើងត្រូវរៀបចំបែបបទនីតិវិធីដើម្បីធ្វើការត្រួតពិនិត្យការងារនេះ និងការចូលរួមសហការបែបណាខ្លះជាមួយវិស័យឯកជន ជាពិសេសក្រុមហ៊ុនដឹកជញ្ជូនបន្ទាប់មកត្រូវរកវិធីដោះស្រាយ៕