សម្តេច ហ៊ុន សែន អំពានាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានអំពាវនាវដល់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កុំផ្តល់គ្រាប់បែកចង្កោម និង ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកប្រភេទនេះ ក្នុងសង្រ្គាម ព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។

តាមរយៈបណ្តាញតេឡេក្រាម នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៣នេះ សម្តេច ហ៊ុន សែន បញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មាន យ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់ គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បី ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។

សម្តេច បន្តថា ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំឬដល់រយ ឆ្នាំទៀតផងប្រសិនគ្រាប់បែកចង្កោមនេះ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ី កាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

សម្តេច ហ៊ុន សែន បន្ថែមថា បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែល ទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិន ទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

សម្តេច ហ៊ុន សែនថ្លែងថា “ ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយ ទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តី អាណិតប្រជាជនអ៊ុយក្រែនខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែល ជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់ បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នក រងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង”៕