រដ្ឋមន្ត្រីការបរទេសទី២ ប្រទេសព្រុណណេ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ បានបង្ហាញការគាំទ្រពេញទំហឹងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៩ កុម្ភៈនេះ។
ការប្រកាសនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន ជាមួយលោករដ្តមន្ត្រីការបរទេសទី២ ប្រទេសព្រុយណេ តាមប្រព័ន្ធវីដេអូ ដែលធ្វើឡើងនៅថ្ងៃទី៩ កុម្ភៈនេះ។
ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីការបរទេសទី២ ប្រទេសព្រុយណេ លោក ប្រាក់ សុខុន បានប្រាប់ពីផែនការរបស់លោកក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេស។
សម្រាប់លោក ប្រាក់ សុខុន ដំណើរទៅកាន់មីយ៉ាន់ម៉ាក្នុងពេលខាងមុខនេះ គឺធ្វើឡើងក្នុងគោលដៅដើម្បីធ្វើទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការស្វែងរកច្រក និងមធ្យោបាយដែលធានាបាននូវការ ផ្តល់ជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ដល់ប្រជាជនទាំងអស់នៅប្រទេសមួយនេះ ដែលត្រូវការជំនួយជាបន្ទាន់។
ពាក់ព័ន្ធនឹងស្ថានការណ៍នៅមីយ៉ាន់ម៉ានេះ រដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរមានការយល់ឃើញដូចគ្នាពីភាពស្មុគស្មាញនៃស្ថានភាពនៅក្នុងប្រទេសមួយនេះ ដែលចាំបាច់ត្រូវដោះស្រាយតាមវិធីសាស្ត្រមួយជំហានម្តងៗ។
ក្នុងនោះភាគីទាំងពីរ បានឯកភាពគ្នាថា អាស៊ានគួរតែបន្តបង្កើតដំណើរការសន្ទនាមួយប្រកបដោយបរិយាបន្ន ដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹកនាំ ដើម្បីបញ្ចប់អំពើហិង្សា ទប់ស្កាត់មិនឱ្យលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ និងទទួលបាននូវសន្តិភាពយូរអង្វែង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា៕