ស្របពេល ដែលកំណើននៃការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានណែនាំមិនឱ្យសេវាកម្មទេសចរណ៍ទាំងអស់រៀបចំការជួបជុំផឹកស៊ី កម្សាន្តសប្បាយដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។ នេះបើយោងតាមសារាចរណែនាំចុះថ្ងៃទី៩ កុម្ភៈនេះ របស់ក្រសួងសុខាភិបាល។
បើតាមលោក ថោង ខុន អ្វីដែលក្រសួងណែនាំនេះគឺធ្វើឡើងស្របពេលដែលការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង មានការកើនឡើងជាលំដាប់ក្នុងពេលបច្ចុប្បន្ននេះ ហើយក៏ដើម្បីជៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម ដែលធ្វើឱ្យវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ថោង ខុន បានណែនាំឱ្យគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ពិសេសកំណត់សមត្ថភាពផ្ទុកអតិបរមា។ លោក ថា ក្នុងភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ចាំបាច់ត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១,៥០ម៉ែត្រ និងមានចំនួនកម្រិតតាមការកំណត់ដោយឡែករបស់រដ្ឋបាលរាជធានី ខេត្ត។
លោក បានបន្ថែមថា គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវធានាថា គ្រប់បុគ្គលបម្រើការបានចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងសុខាភិបាលកម្ពុជា ក៏បានប្រកាសថា ការចម្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ដែលមានសន្ទុះកើនឡើងនាពេលបច្ចុប្បន្ននេះ ភាគច្រើនកើតឡើងលើក្រុមយុវវ័យ និងវ័យកណ្តាល។ សន្ទុះនៃការឆ្លងទៅលើក្រុមនេះ គឺដោយសារតែក្រុមទាំងនេះបានដើរចេញក្រៅផ្ទះច្រើន និងមានការជួបជុំមិត្តភ័ក្ដិ ឬការជួបជុំគ្នាច្រើន។
ក្រសួងអំពាវនាវឱ្យចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួង ទាក់ទងវិធានការសុខាភិបាលឱ្យបានម៉ត់ចត់ ដើម្បីការពារខ្លួននិងសមាជិកក្រុមគ្រួសារ ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ១៩នេះ៕