សម្តេច ហ៊ុន សែន ៖ កម្ពុជាខាតថ្លៃដឹកជញ្ជូនជិត៩០ដុល្លារ១កុងទឺន័រ ដោយសារកំពង់ផែខេត្តព្រះសីហនុមានជម្រៅទឹករាក់

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា ខាតបង់ថ្លៃដឹកជញ្ជូន៨៨ដុល្លារ ដោយសារតែកក្តាកំពង់ផែខេត្តព្រះសីហនុមានជម្រៅទឹករាក់ដែលជាហេតុនាំកប៉ាល់ដឹកទំនិញធំៗ មិនទាន់អាចចូលចតដល់ផែ ។

ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃ២៧ មិថុនា សម្តេចបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ សម្ដេចក៏បានអំពាវនាវភាគីជប៉ុនជួយធ្វើយ៉ាងណាកសាងឲ្យជម្រៅទឹកនៅកំពង់ផែខេត្តព្រះសីហនុ អាចឲ្យនាវាធំៗចូលចតបាន ដោយមិនចាំបាច់ឆ្លងកាន់កំពង់ផែរបស់ប្រទេសដទៃនោះទេ ។

សម្ដេចសង្កត់ធ្ងន់ថា “សព្វថ្ងៃនេះខាតបង់ទៅលើថ្លៃដឹកជញ្ជូន ត្រង់ថាកប៉ាល់ធំៗ ដែលមកដល់កំពង់ផែក្រុងព្រះសីហនុ គឺអាធំមែនទែនចូលអត់បាន ដោយសារជម្រៅទឹកយើងវារាក់។ ចឹងបានជាយើងត្រូវផ្ទេរនៅឯសាំងហ្កាពួរ នៅវៀតណាម និងនៅប្រទេសដទៃទៀត។ ចឹងធ្វើឲ្យការដឹកជញ្ជូនរបស់យើងមួយកុងតឺន័រ ត្រូវខាតអស់ ៨៨ដុល្លារ”។

សម្ដេចបញ្ជាក់បន្ថែមថា ប្រសិនបើកម្ពុជាប្រើប្រាស់ឥណទានរបស់ជប៉ុន ហើយជប៉ុនជួយស្ដារធ្វើឲ្យជម្រៅទឹកកាន់តែជ្រៅអាចឲ្យកប៉ាល់ដឹកទំនិញធំៗ អាចចូលដល់កំពង់ផែក្រុងព្រះសីហនុ ដោយមិនចាំបាច់ទៅផ្ទេរនៅសិង្ហបុរី វៀតណាម និងនៅប្រទេសដទៃទៀតពិតជាផ្តល់ផលចំណេញច្រើនមកកម្ពុជា៕