ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៤.៣៤១ រូប មកពី ៦៥ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភ្ញៀវពិសេស សរុបចំនួន ៣ រូប មកពី ២ ស្ថាប័ន ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងកំពុងពិនិត្យពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងភ្ញៀវពិសេសមួយចំនួនទៀត។ នេះ តាមសេក្តិប្រកាសព័ត៌មាននៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ ។
បើតាម គ.ជ.ប គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មានផ្ដល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh/khmer/content/6536) និងត្រូវដាក់ពាក្យនៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹក ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀល ពីម៉ោង ១៤:០០ ដល់ ១៧:៣០នាទី។
ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕