ភ្នំពេញ៖ តាមផែនការ គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ខណៈគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៣ នេះ សម្រេចការសាងសង់បានជាង៨០%ហើយ។ នេះ បើតាម លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោកបន្តថា ស្ពានខ្សែកាបកោះពេជ្រ-កោះនរានេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២ ខណៈបច្ចុប្បន្នកំពុងប្រឈមនឹងការកកស្ទះចរាចរណ៍ជាប្រចាំថ្ងៃ ពិសេសរៀងរាល់ពេលព្រឹក និងពេលល្ងាច។
បើតាម មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន OCIC នៅខែកក្កដា ឬខែសីហា ឆ្នាំង ២០២៣ នេះ នឹងត្រូវតភ្ជាប់តួរ ស្ពានខាងលើនេះ ខណៈបច្ចុប្បន្នដំណើការនៃការសាងសង់កំពុងតែប្រព្រឹត្តិទៅដោយរលូន និង ឈានទៅបញ្ចប់ទៅតាមផែនការ។
ស្ពានតភ្ជាប់ពីកោះពេជ្រ-កោះនរា ត្រូវបានបើកការដ្ឋានដំណើរការសាងសង់កាលពីខែតុលា ឆ្នាំ២០២០។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥០ម៉ែត្រ និងត្រូវចំណាយថវិកាចំនួន ៣៨លានដុល្លារ៕