ភ្នំពេញ៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត ដែលធ្វើពីថ្មភក់ឱ្យនៅតាមកន្លែងដើមឡើងវិញ ដើម្បីអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើតាមអាជ្ញាធរជាតិអប្សរា នៅថ្ងសទី២២ ខែមិថុនា ឆ្នាំ២០២៣។
អាជ្ជាធរជាតិអប្សរា បន្តថា ចម្រឹងបង្អួចធ្វើពីថ្មភក់មានទម្ងន់ជាង៥០-៦០គីឡូក្រាម កម្ពស់ជាង១.៧២ម៉ែត្រ ដែលអ្នកជំនាញបានរៀបចំដំឡើងឡើងវិញនៅតាមកន្លែងដើមនេះ ធ្លាប់ទទួលរងការខូចខាតធ្ងន់ធ្ងរ និងជ្រុះធ្លាក់នៅរាយប៉ាយជាយូរមកហើយ។
ជុំវិញបញ្ហានេះ លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានចាប់ផ្តើមជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់ទាំងនេះ តាំងតែពីកំឡុងដើមខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។ ការងារជួសជុលនេះ ចាប់ផ្តើមឡើងតាំងពីការដើរប្រមូលបំណែកតូចធំរបស់ចម្រឹងបង្អួចដើម្បីយកមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ។
លោកបន្តថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញ ព្រមទាំងប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាព យូរអង្វែងតទៅមុខទៀត។ ចំណែកបច្ចេកទេស និងការជួសជុលមានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ ត្រូវបានទទួលស្គាល់ដោយក្រុមអ្នកជំនាញអាដហុករបស់គណៈកម្មការអាយស៊ីស៊ី-អង្គរផងដែរ៕