ភ្នំពេញ ៖ អតីតយុទ្ធជនចំនួន ១០៦ ៩០៥នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥៣ ៦១០នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ នេះបើតាមសារលិខិត ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ របស់សម្ដេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
នៅក្នុងសារលិខិរបស់សម្តេច ហ៊ុន សែន ផ្ញើជូនអតីតយុទ្ធជន បានសរសេររៀបរាប់ថា គិតចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាងឬស្មើ ៦៩ម៉ឺនរៀល ត្រូវបន្ថែមឲ្យដល់ត្រឹម៧៧ម៉ឺនរៀល ក្នុងមួយខែ។
សារលិខិតដដែលបន្តថា ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនប្រចាំខែ របស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្តដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។
បើតាម សារលិខិតរបស់សម្តេច ហ៊ុន សែន ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំឡើងប្រាក់សោធននិវត្តន៍ ដល់អតីតយុទ្ធជន និងនិវត្តជនផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និង គ្រួសារអតីតយុទ្ធជន។
ប្រភពដដែលបញ្ជាក់ថា អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយ ធនាគារដៃគូនៅទូទាំង២៥ រាជធានី-ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម៉្លេះ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព (បស.ស) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅ របស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ(ប.ស.ស.) ដោយមិនបង់ប្រាក់៕