ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យស្រ្តីជាកម្មការិនីរោងចក្រម្នាក់ ដែលកំពុងមានផ្ទៃពោះ ប្រាប់សម្តេចនៅពេលសម្រាលកូនរួច។ ការស្នើឲ្យស្រ្តីនោះប្រាប់ ដោយសារកម្មការិនីរូបនេះ បានយកដៃសម្តេចទៅប៉ះពោះខ្លួន ដើម្បីចង់ឲ្យកូនកើតមកមានភាពវៃឆ្លាតដូចសម្តេច។
ក្នុងឱកាសមុនបន្តជួបសំណេះសំណាលជាមួយកម្មករនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃ៩មិថុនា សម្តេចក៏បានឆ្លៀតមកជួបផ្ទាល់ជាមួយក្រុមកម្មករ-កម្មការិនី ជាពិសេសជាមួយស្រ្តីមានផ្ទៃពោះ។ ក្នុងជំនួប សម្តេចក៏បានប្រទះឃើញស្រ្តីមានផ្ទៃពោះម្នាក់ហើយស្រ្តីនោះបានស្ទុះមករកសម្តេចហើយក៏បានទាញដៃសម្តេចទីៅប៉ះពោះខ្លួនឯង ព្រោះតែចង់ឲ្យកូនកើតមកមានភាពឆ្លាតវៃ។
សម្តេចបញ្ជាក់ថា «ខ្ញុំបានជួបចាប់ដៃជាមួយក្មួយៗចៅៗកម្មករ។ មិញនេះ មានក្មួយៗស្រីម្នាក់មានផ្ទៃពោះបានចាប់ដៃខ្ញុំឲ្យប៉ះពោះគាត់ដែលគាត់ចង់ឲ្យបានកូនឆ្លាត ។ ខ្ញុំសង្ឃឹមថា កូននឹងកើតមកឆ្លាត ហើយអីចឹងពេលកូនសម្រាលសូមប្រាប់ខ្ញុំផង»។
ជាមួយគ្នានោះដែរ សម្តេចក៏បានចាត់ទុកការអនុញ្ញាតឲ្យកម្មករមានផ្ទៃពោះចេញមុនម៉ោង១៥នាទីជារឿងសំខាន់ ព្រោះខ្លាចពេលចេញម៉ោងដូចគ្នាមានការពិបាក ដោយសារមានការប្រជ្រៀតគ្នាចេញធ្វើឲ្យប៉ះពាល់ដល់ផ្ទៃពោះ។
ក្នុងឱកាសនោះដែរ សម្តេច បានឲ្យរដ្ឋមន្ត្រីសុខាភិបាល និងអភិបាលខេត្តកំពង់ឆ្នាំងយកចិត្តទុក ដាក់ពិនិត្យមើលសុខភាពរបស់ទារកភ្លោះដែលបានកើតមុនការកំណត់ នៅពិធីជួបជុំសំណេះសំណាល ជាមួយសម្ដេច កាលពីថ្ងៃ៨ មិថុនា។ ក្នុងករណីនេះ សម្តេចក៏បានឧបត្ថម្ភប្រាក់៥លានរៀលសម្រាប់ឲ្យម្ដាយ-ឪពុកដោះស្រាយបញ្ហា៕