ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ពិចារណាលើការវិនិយោគលើវិស័យកសិកម្ម ខណៈកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA)ត្រូវបានចុះហត្ថលេខា។
ការលើកទឹកចិត្តរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៣ក្នុងពេល អនុញ្ញាតឱ្យ លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
បើតាមសម្តេច ហ៊ុន សែន វិស័យស្រូវអង្គរ ដែលកម្ពុជាមានស្រូវ ប្រមាណ៦លានតោន ដែលអាចនាំចេញ , ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បានស្នើឲ្យមានការពិចារណាបង្កើតរោងម៉ាស៊ីនកិនស្រូវ, ឃ្លាំងស្តុក និងបណ្ដាញទិញ ដើម្បីធ្វើការសកែច្នៃស្រូវ សម្រាប់នាំចេញ ។
ដោយឡែកលើវិស័យស្វាយចន្ទី ដែលកម្ពុជាមានស្វាយចន្ទី ជាង១លានតោនហើយ, ហើយសព្វថ្ងៃនេះពុំទាន់មានការកែច្នៃសម្រាប់នាំចេញនៅឡើយ ដូច្នេះសម្ដេច ហ៊ុន សែន បានស្នើឱ្យមានការពិចារណា ជំរុញការវិនិយោគ មកវិនិយោគលើការកែច្នៃស្វាយចន្ទី សម្រាប់នាំចេញទៅ អេមីរ៉ាត អារ៉ាប់រួមផង ហើយក៏នាំចេញទៅកាន់ប្រទេសដទៃទៀតផងដែរ។
បន្ថែមលើនេះ សម្ដេច ហ៊ុន សែន ក៏បានស្នើឲ្យមានការពិចារណាផងដែរ ឱ្យមកធ្វើការវិនិយោគលើការកែច្នៃដំឡូង ដែលកម្ពុជាមានយ៉ាងច្រើនសម្រាប់ធ្វើការកែច្នៃ និងសម្រាប់ការនាំចេញ។
ជាងនេះទៀត សម្ដេច ក៏បានស្នើ ឲ្យភាគីអេមីរ៉ាត អារ៉ាប់រួម ពិចារណា ជំរុញឲ្យមានកិច្ចព្រមព្រៀង មិនយកពន្ធត្រួតគ្នា ដើម្បីជាការលើកទឹកចិត្តដល់អ្នកវិនិយោគផង និងស្នើសុំឲ្យមានការជំរុញការហោះហើរត្រង់ ពីអេមីរ៉ាត អារ៉ាប់រួម មកកាន់កម្ពុជាផង ។
បន្ទាប់ពីនេះ សម្តេច ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA)។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាមានរំពឹងថា អាចទាញផលប្រយោជន៍ជាអតិបរមា។ ក្នុងនោះ កម្ពុជា នឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗ របស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។ ទន្ទឹមគ្នានេះកម្ពុជា ក៏នឹងពិចារណាក្នុងការនាំចូលមុខទំនិញអាទិភាព ដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។
តាមរយៈកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កាន់តែរស់រវើក ហើយទីផ្សារទំនិញប្រទេសទាំងកាន់តែទូលំទូលាយផងដែរ។ ទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។ ទន្ទឹមគ្នានេះ កម្ពុជាអាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។ លើសពីនេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ញៀវទេសចរពីប្រទេសនេះបានផងដែរ៕