ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ករណីកម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបានបណ្តេញចេញដូចអ្វីដែលមតិខ្លះលើកឡើងមុននោះទេ ប៉ុន្តែផ្ទុយទៅវិញថែមទាំងជួយសម្រួលយកចិត្តទុកដាក់។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃ៨ មិថុនា សម្តេចគូសបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរ ធ្វើការនៅថៃដែលពីមុនខ្ញុំបានកង្វល់ស្តីពីបក្សឆ្ពោះទៅមុខដែលលឺពាក្យថា មានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ។ តែពីម្សិលមិញ(ថ្ងៃ៧មិថុនា) បានបញ្ជាក់មិនមានការដេញចេញទេ ថែមទាំងសម្រួលថែមទៀតផង»។
សម្តេចបានលើកឡើងថា នៅពេលទទួលបានព័ត៌មាននេះហើយ សម្តេចលែងព្រួយបារម្ភទៀតហើយចំពោះការបណ្តេញចេញពលករខ្មែរ កំពុងធ្វើការនៅថៃ។
សម្តេចបន្តថា «ខ្ញុំត្រូវតែឈឺឆ្អាលចំពោះរឿងនេះ ប្រសិនបើរឿងទាក់ទងនិងការបណ្តេញចេញ ឬបញ្ឈប់ការងារ ឬទាក់ទងនិងអត្ថប្រយោជន៍ចំពោះកម្មករកម្មការិនីនៅក្រៅប្រទេស»។
សម្តេច ហ៊ុន សែន សង្ឃឹមជឿងជាក់ថា កិច្ចសហប្រតិបត្តិការទាក់ទិននិងកម្មករទអន្តោប្រវេសន៍ដែលជាកិច្ចព្រមព្រៀងស្ថិតក្នុងក្របខណ្ឌសម្រុះសម្រួលអាស៊ានត្រូវបានការពារចំពោះកម្មករ ។ នៅកម្ពុជាក៏មានកម្មករបរទេសកំពុងធ្វើការផងដែរ ដូច្នេះក៏បានយកចិត្តទុកដាក់ការពារពួកគេផងដែរ៕