សម្តេច ហ៊ុន សែន ថា ៥០ឆ្នាំទៀត ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-បារិត នឹងគ្រប់គ្រងដោយកម្ពុជាវិញ

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា ៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-ព្រះសីហនុ និងពីរាជធានីភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនរបស់កម្ពុជា ដែលគ្រប់គ្រងដោយខ្លួនឯងវិញ។

សម្ដេច ហ៊ុន សែន លើកឡើងយ៉ាងនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាថ្ងៃ៧ មិថុនា ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

ដោយឡែក គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕