លោក កើត រិទ្ធ ៖ ការរួបរួមគ្នានៅក្នុងវិស័យយុត្តិធម៌ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ លើកឡើងថា ការរួបរួមគ្នានៅក្នុងវិស័យយុត្តិធម៌ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើន ធានាបាននូវសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ហើយទាំងអស់នេះ គឺជាគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន។

ការលើកឡើងរបស់លោក កើត រិទ្ធ ធ្វើឡើង នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០២៣ ក្នុងពេលអញ្ជើញសំណេះសំណាលជាមួយ ចៅក្រម ព្រះរាជអាជ្ញា សាការី អាជ្ញាសាលា និងក្រឡាបញ្ជី ដែលមកពីបណ្តាខេត្តទូទាំងប្រទេស និងចែកសញ្ញាបត្រដល់សិស្ស នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) ក្រោមវត្តមានលោក អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លោក កើត រិទ្ធថ្លែងថា “បើមិនមានការរួបរួគ្នានៅក្នុងវិស័យយុត្តិធម៌ទេ មិនអាចសម្រេចបានគោដៅរួមគ្នាទេ ព្រោះបេសកកម្មរបស់អ្នកធ្វើការនៅក្នុងវិស័យយុត្តិធម៌ គឺ បម្រើឱ្យភាពយុត្តិធម៌នៅក្នុងសង្គម។ ម្យ៉ាងវិញទៀត កាលណាមានការរួបរួមគ្នានៅក្នុងវិស័យយុត្តិធម៌ នឹងធ្វើឱ្យវិស័យនេះ រីកលូតលាស់ទៅមុខជាលំដាប់ ប្រកបដោយកិត្តិយស និងភាពថ្លៃថ្នូរ។ កន្លងមកអ្នកធ្វើការនៅក្នុងវិស័យយុត្តិធម៌នៅកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងច្រើន ធ្វើឱ្យវិស័យយុត្តិធម៌ បាន និងកំពុងបោះជំហ៊ានទៅមុខជាលំដាប់”៕