អគ្គិសនីកម្ពុជាអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះជនខិលខូចឆបោកអ្នកប្រើប្រាស់អគ្គិសនីឲ្យផ្ទេរប្រាក់ឲ្យពួកគេ

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនី កម្ពុជាអំពាវនាវចំពោះអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ឱ្យមានការប្រុងប្រ័ត្នចំពោះជនខិលខូចឆបោកអ្នកប្រើប្រាស់អគ្គិសនីឲ្យផ្ទេរប្រាក់ឲ្យពួកគ។ នេះ បើតាមសេចក្តីជូនដំណឹងដល់សាធារណៈជនរបស់អាជ្ញាធរអគ្គិសនី នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ ។

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីកដល់ពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានទទួលព័ត៌មានជាបន្តបន្ទាប់ពី អគ្គិសនីកម្ពុជា (EDC) និងអ្នកកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីឯកជនថា មានករណីជនខិលខូចបានក្លែង បន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ឬជាបុគ្គលិករបស់អ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន នៅតាមតំបន់ មួយចំនួន បានឆបោកអ្នកប្រើប្រាស់អគ្គិសនីតាមទូរស័ព្ទ តាមបណ្តាញទំនាក់ទំនងសង្គម ឬតាមមធ្យោបាយ នានា ដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ តាមរយៈវីង ឬតាមមធ្យោបាយនានា សម្រាប់ការបង់ថ្លៃប្រើប្រាស់អគ្គិសនី ប្រចាំខែ ឬ ថ្លៃថ្នូរនាឡិកាស្ទង់ (កុងទ័រ) ប្តូរឌីសុងទ័រ ឬប្តូរបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីចៀសវាងការផ្អាក ការផ្គត់ផ្គង់ចរន្ត ឬការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ។

ក្នុងន័យនេះ អគ្គិសនី បញ្ជាក់ថា ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ទំនាក់ទំនងទៅ ឲ្យបង់ប្រាក់ ឬផ្ទេរប្រាក់ឲ្យ ពាក់ព័ន្ធនឹងករណ៏ដូចបានជម្រាបជូនខាងលើ សូមមេត្តាកុំបង់ ប្រាក់ ឬផ្ទេរប្រាក់ឲ្យបុគ្គលនោះឲ្យសោះ ហើយត្រូវជូនដំណឹងទៅអគ្គិសនីកម្ពុជា(EDC) ឬអ្នកកាន់អាជ្ញាបណ្ណ អគ្គិសនីឯកជន ដែលទទួលបន្ទុកផ្គត់ផ្គង់អគ្គិសនីនៅតំបន់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីមានវិធានការណ៍តាមផ្លូវ ច្បាប់ ។

ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជាសូមជម្រាបថាជូនថា រាល់ការបង់ប្រាក់ថ្លៃប្រើប្រាស់អគ្គិសនី ឬ បង់ប្រាក់ថ្លៃសេវាផ្សេងៗ លុះត្រាតែមានវិក្កយបត្រ និងមានបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា ឬ របស់អ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន បើពុំមានឯកសារទាំងនោះទេ សូមមេត្តាកុំបង់ប្រាក់ឱ្យសោះ៕