ភ្នំពេញ៖ គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតក្នុងខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ មាន ប្រវែងស្ពានសរុបចំនួន ១ ១៣១ម៉ែត្រ និង ទទឹងស្ពានសរុប ចំនួន ១៣,៥០ម៉ែត្រ។ គម្រោងនេះ ចាប់ផ្ដើម ត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនិង បញ្ចប់ ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គម្រោងស្ពាននេះ ត្រូវបាន បើកការដ្ឋានសាងសង់ នៅថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ និង បញ្ចប់ការសាងសង់ នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយប្រើបប្រាស់ រយៈពេលសាងសង់ចំនួន ៤២ខែ។ គម្រោងនេះ ត្រូវបាន ប្រើប្រាស់ទទំហំទឹកប្រាក់ ប្រមាណជិត ៥៧លានដុល្លារអាមេរិក។
គម្រោងស្ពានេះ ត្រូវបានសាងសង់ដោយ ក្រុមហ៊ុនសាងសង់សំណង់សៀងហៃគ្រុប ខូអិលធីឌីនិង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត៕