ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកដឹកជញ្ជូន និងសមាគមសាងសង់អន្តរជាតិកូរ៉េ (ICAK) និងជាតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT) រៀបចំសិក្ខាសាលា ពិគ្រោះយោបល់លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ ក្រោមគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ព្រំដែនកម្ពុជា-វៀតណាម)។
សិក្ខាសាលាខាងលើនេះ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិតីភាព លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Yoo Han-Jun ទីប្រឹក្សាជាន់ខ្ពស់សមាគមសាងសង់អន្តរជាតិកូរ៉េ (ICAK) និងជាតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT)។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងរបស់អ្នកជំនាញកូរ៉េទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ រួមមានការសិក្សាលើ៖ (១) ប្រព័ន្ធភស្តុភារកម្ម (២) ស្ថាបត្យកម្មរចនាបថអគារ (៣) រំហូរចរាចរណ៍ទំនិញ និងមនុស្ស (៤) ការគិតគូរពីបរិស្ថាន (៥) ការវិភាគសេដ្ឋកិច្ច និង (៦) ការវិភាគហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅធ្វើឱ្យប្រសើរឡើងនូវគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ខេត្តក្រចេះ (ព្រំដែនកម្ពុជា-វៀតណាម)។
នាឱកាសនោះ លោក វ៉ាស៊ីម សុរីយា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT) និងសមាគម ICAK និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការកូរ៉េ ដែលបានចុះមកសិក្សាផ្ទាល់ពីសក្តានុពលនៃច្រកទ្វារព្រំដែនត្រពាំងស្រែ និងបានស្នើឡើងនូវផែនការអភិវឌ្ឍន៍នានាដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅច្រកទ្វារមួយនេះ សំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា៕