ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន ក្នុងខេត្តកំពង់ចាម។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២៩ ឧសភា លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា «រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារអាមេរិក សម្រាប់គម្រោងដែលអនុវត្តដោយអង្គការSave the Children Japan (SCJ)។ នៅក្នុងឆ្នាំទី២ នៃគម្រោងនេះ ដោយបន្តសកម្មភាពពីឆ្នាំទី១មកអង្គការមានគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារ ដូចជាការដាក់ទណ្ឌកម្មលើរាងកាយ ការធ្វើបាប និងការប្រើប្រាស់ភាសារំលោភបំពាននៅក្នុងសាលារៀនរដ្ឋចំនួន៤៣ នៅក្នុងខេត្តកំពង់ចាម»។
លោកបន្ដថា ដើម្បីរក្សាបានមុខងារប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធការពារកុមាររួមទាំងយន្តការសម្រាប់ការរាយការណ៍នៅតាមសាលារៀន និងតំបន់ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំទី១ នៃគម្រោង អង្គការនឹងអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងការបង្កើតប្រព័ន្ធ និងការតស៊ូមតិផ្នែកគោលនយោបាយដោយមានការសហការពីភាគីពាក់ព័ន្ធ ក្នុងសាលារៀនរួមមាន ៖ កុមារ និងមន្ត្រីរដ្ឋាភិបាលកម្ពុជាទាំងថ្នាក់ជាតិនិងថ្នាក់ខេត្ត ។
តាមរយៈគម្រោងនេះ លោកទូតសង្ឃឹមថា កុមារនៅកម្ពុជានឹងអាចសិក្សាក្នុងបរិស្ថានគ្មានអំពើហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុនដែលនឹងនាំឲ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អនិងសុខុមាលភាពរបស់កុមារ។
សូមរំលឹកថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេដែលត្រូវបានអនុវត្តក្នុងប្រទេសឬតំបន់កំពុងអភិវឌ្ឍន៍។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង១៤០គម្រោងនៅកម្ពុជា តាមរយៈកម្មវិធីនេះ។ គម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា ៕