សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ធ្វើការពិនិត្យ និងរៀបចំចារឹកអត្ថន័យសច្ចភាពជាប្រវត្តិសាស្ត្រជាភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស លើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់នៅតាមរាជធានី-ខេត្តនីមួយៗ។ សម្តេច ថា ការរៀបចំបែបនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីថែរក្សាការពារនូវសច្ចភាពប្រវត្តិសាស្ត្រនៃការជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ សំដៅបន្តពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានព្រំប្រទល់ជាប់គ្នា។ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន។
ជាមួយគ្នានេះ សម្តេចក៏បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ត្រូវធ្វើការគ្រប់គ្រង ថែរក្សា ការពារស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់នៅតាមរាជធានី-ខេត្តរបស់ខ្លួន ហើយក្នុងករណីមានការជួសជុលកែលម្អត្រូវរក្សារចនាប័ទ្មដើមដែលបានសាងសង់។
បើតាមសម្តេចនាយករដ្ឋមន្ត្រី មានមជ្ឈដ្ឋានមួយចំនួនមិនទាន់បានយល់ដឹងអំពីអត្ថន័យពិតប្រាកដពាក់ព័ន្ធនឹងស្តូបមិត្តភាពកម្ពុជា-វៀតណាមនេះ និងបានធ្វើការបកស្រាយក្នុងន័យផ្សេងៗគ្នា ខុសពីការពិត និងសច្ចភាពជាប្រវត្តិសាស្ត្រ។ សម្តេច បានសង្កត់ធ្ងន់ថា អ្នកនយោបាយខ្លះបានប្រើប្រាស់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ជាមូលដ្ឋានដើម្បីធ្វើការវាយប្រហារ អុជអាល ញុះញង់ បំបែកបំបាក់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាមួយនឹងការបំផុសបំផុលឱ្យមានការរើសអើងប្រកាន់ពូជសាសន៍នៃប្រជាជននិងប្រទេសទាំងពីរថែមទៀត។
តែទោះបីជាយ៉ាងនេះក្តី សម្តេចបានពន្យល់ថា អំឡុងទសវត្សរ៍៦០-៧០ កម្ពុជាក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ បានចូលរួមជួយវៀតណាមក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីវៀតណាម ហើយនៅទសវត្សរ៍៧០-៨០ វៀតណាមក៏បានចូលរួមជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។
សម្តេច បានបញ្ជាក់ថា ចាប់តាំងពីទសវត្សរ៍៨០ រហូតមកស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នៅតាមរាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជានិមិត្តរូប និងជាការចងចាំនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលជាប្រទេសជិតខាងនឹងគ្នា ក្នុងបុព្វហេតុនៃការនាំមកនូវសុខសន្តិភាពនៃប្រទេសនីមួយៗ។
សូមជម្រាបជូនថា ខ្លឹមសារនៃអក្សរចរិតលើស្តូបមិត្តភាពកម្ពុជា-វៀតណាម គឺថា “ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាមក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅទសវត្សរ៍៧០-៨០”។ ខ្លឹមសារនៃអក្សរចរិតនេះ គឺត្រូវធ្វើឡើងជាបីភាសារួមមាន៖ ភាសាខ្មែរ វៀតណាម និងអង់គ្លេស៕