ក្រសួងមុខងារសាធារណៈ បានលើកឡើង ការសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិនចំពោះការលុបឈ្មោះលោក ខឹម មុនីកុសល មន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិន គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។ ការប្រកាសរបស់ក្រសួងបែបនេះគឺធ្វើឡើងបន្ទាប់ពីក្រសួងមួយនេះ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងជុំវិញសំណុំរឿងនេះរួចរាល់កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួង បានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើដំណើរការនៃការស្រាវជ្រាវ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ពីនីតិវិធីអធិការកិច្ច ដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានជុំវិញករណីលោក ខឹម មុនីកុសល ដែលរដ្ឋបាលខេត្តប៉ៃលិនអនុវត្តទណ្ឌកម្មខាងវិន័យថ្នាក់ទី២ ចំពោះការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋនេះ គឺស្របច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
បើតាមក្រសួង ពាក្យបណ្តឹងតវ៉ារបស់លោក ខឹម មុនីកុសល ប្តឹងជំទាស់និងការសម្រេចលុបឈ្មោះរបស់លោកពីក្របខណ្ឌរដ្ឋនៃរដ្ឋបាលខេត្តប៉ៃលិននេះ គឺក្រសួងបានបង្វិលឱ្យរដ្ឋបាលខេត្តចាត់ការ ក្នុងនោះមានការបង្កើតគណៈកម្មាធិការសម្រុះសម្រួលដើម្បីពិនិត្យដោះស្រាយឡើងវិញស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន។ ប៉ុន្តែជាលទ្ធផលគឺគណៈកម្មាធិការនេះបានតម្កល់សេចក្តីសម្រេចរបស់ខេត្តប៉ៃលិនដដែល ហើយលោកក៏បានប្តឹងជំទាស់នឹងសេចក្តីសម្រេចនេះ។
ក្រសួង បានបន្តថា ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានការចូលរួមពីក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលដើម្បីចុះទៅពិនិត្យស្រាវជ្រាវករណីនេះ ហើយជាលទ្ធផលនៃការចុះស្រាវជ្រាវ និងការជួបប្រជុំជាមួយអង្គភាព និងអ្នកពាក់ព័ន្ធ រួមទាំងសាមីជនផងដែរ។
សូមរម្លឹកជូនថា លោក ខឹម មុនីកុសល ត្រូវបានលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចោទប្រកាន់ថា ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ហើយលោកត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ។ ការសម្រេចនេះ គឺធ្វើឡើងក្រោយពេលដែលលោក កុសល នាពេលបំពេញការងារជាពេទ្យជួរមុខ បានបង្ហោះហ្វេសប៊ុកដោយសរសេរថា “មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅមន្ទីរបក្សខេត្តប៉ៃលិន មិនជួយធ្វើការងារគ្រូពេទ្យខ្លះនោះទេ ប៉ុន្តែនាំគ្នាអង្គុយលេង Facebook ក្នុងតង់ និងថតរូបបង្អួតគេឯងទៅវិញ”៕