សម្តេច ហ៊ុន សែន បង្ហាញពីការប្តេជ្ញាចិត្តបញ្ចៀសមិនឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយសារជំងឺកូវីដ១៩

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ ទី៤ កុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សម្តេចក្នុងការបញ្ជៀសមិនឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយសារជំងឺកូវីដ១៩ តាមរយៈការធានាថាកម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៤ កុម្ភៈនេះ។

តាមរយៈការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅពេលណាដែលទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងបានត្រឹមត្រូវ។

ប្រភពដដែល បានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ជៀសមិនឱ្យមានករណីប្រជាជនស្លាប់ជាបន្តទៀត ដោយសារជំងឺកូវីដ១៩ ដោយធានាថាព្រះរាជាណាចក្រកម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ១៩ មិនទាន់ចប់នៅឡើយ”។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវខិតខំពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជាដូសទី៣ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ហើយប្រជាពលរដ្ឋដែលមិនទាន់បានវ៉ាក់សាំងត្រូវមកទទួលការចាក់វ៉ាក់សាំងឱ្យបានឆាប់រហ័សនៅតាមទីតាំងដែលបានរៀបចំ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍៕