ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសពីភាពជោគជ័យដ៏អស្ចារ្យស្ដីពីការទទួលបានកូនអណ្តើកហ្លួងចំនួន ១២២ក្បាល ដែលទើបបានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។
ក្នុងរដូវពងកូនឆ្នាំ២០២៣នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន កោះកុង ពងបានចំនួន ២១សម្បុក ស្មើ ២៧២ពង ហើយញាស់បានចំនួន ១២២កូន បើប្រៀបធៀបទៅនឹងរដូវពងកូនឆ្នាំ២០២២ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយញាស់បានតែ៣០កូន ក្នុងចំណោមពង៩សម្បុកដែលមាន ៨១ពង។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ WCS នាថ្ងៃទី២២ ឧសភា បានឲ្យដឹងថា នេះគឺជាលើកទី៣ហើយ ដែលអណ្តើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។
លោក Christopher Poyser ប្រធានមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងនៃអង្គការ WCS បានថ្លែងថា «ការកើនឡើងនូវចំនួនពងក៏ដូចជាចំនួនកូនអណ្ដើកហ្លួងក្នុងរដូវពងកូនលើកនេះ គឺបានបង្ហាញពីលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វដ៏កម្រជិតផុតពូជនេះកន្លងទៅ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតម៉ាំថា ក្នុងរដូវពងកូនក្នុងឆ្នាំបន្ទាប់ ចំនួនកូនអណ្ដើកហ្លួងនឹងកាន់តែមានការកើនឡើងជាបន្តបន្ទាប់»។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា «យើងមានមោទនភាពណាស់ដែលយើងទទួលបានកូនអណ្ដើកហ្លួងយ៉ាងច្រើនក្នុងរដូវពងកូនក្នុងឆ្នាំ២០២៣នេះ។ នេះជាក្ដីសង្ឃឹមដ៏ធំធេងរបស់យើងដើម្បីស្ដារចំនួនប្រភេទសត្វដ៏កម្រជិតផុតពូជនេះ ក្នុងប្រទេសកម្ពុជា»។
លោក បន្ដថា រដ្ឋបាលជលផលសូមធ្វើការលើកទឹកចិត្ត និងគាំទ្រពេញទំហឹង ក្នុងការបន្ដនូវកម្មវិធីបង្កាត់ពូជ ក៏ដូចជាជម្រុញឱ្យមានការសហការកាន់តែចិត្តស្និទរវាងអាជ្ញាធរ និងសហគមន៍មូលដ្ឋានដើម្បីអភិរក្សសត្វប្រភេទនេះឱ្យកាន់តែមានភាពប្រសើឡើង ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ២៨១ក្បាល ក្នុងនោះអណ្តើកហ្លួងមេពូជសម្រាប់កម្មវិធីបង្កាត់ពូជចំនួន ៥០ក្បាល និងអណ្ដើកហ្លួងវ័យជំទង់ និងទើបតែញាស់ចំនួន២៣១ក្បាល។ ចាប់តាំងពី ២០១៥មក អង្គការសមាគមអភិរក្សសត្វព្រៃ បានលែងអណ្ដើកហ្លួងវ័យជំទង់ និងពេញវ័យចូលទីជម្រកធម្មជាតិវិញចំនួន ១៦៦ក្បាលដើម្បីបង្កើនចំនួនសត្វប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ៕