ភ្នំពេញ៖ សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ាឈានដល់ការពិភាក្សាដំណាក់កាលចុងក្រោយ មុនដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច ខណៈ គោរមងារឧកញ៉ានេះបានប្រើប្រាស់នាពេលកន្លងមក ដោយក្នុងនោះ ក៏បានសរសេររៀបរៀងក្នុងសៀវភៅប្រវត្តិសាស្ត្រ ដោយលោកស្រីសាស្ត្រាចារ្យ ត្រឹង ងា ផងដែរ។
ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ានៅថ្ងៃទី១៧ ខែឧសភានេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីយន្តការផ្តល់ជូនគោរមងារឧកញ៉ាជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ផ្ទាល់ខ្លួនរិច្ចាកនូវធនធានថវិកាចូលរួមអភិវឌ្ឍ និងកសាងជាតិ។
សម្តេចបន្តថា សេចក្តីព្រាងព្រះរាជក្រឹត្យនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការគ្រប់គ្រងឧកញ៉ា និងការគ្រប់គ្រងសមាគមឧកញ៉ា ធ្វើយ៉ាងណាតែងតាំងឧកញ៉ាឱ្យបានត្រឹមត្រូវ សមស្រប ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ប្រពៃណី សណ្ដាប់ធ្នាប់សង្គម។
នាឱកាសនោះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ាបាន ឱ្យដឹងអំពីប្រវត្តិនៃគោរមងារឧកញ៉ា ថា យោងតាមសៀវភៅប្រវត្តិសាស្ត្របង្ហាញថា គោរមងារ “ឧកញ៉ា” ត្រូវបានប្រើនៅសម័យអាណានិគមបារាំង ហើយគោរមងារនេះគឺ សំដៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលកណ្ដាល ដែលគេនិយមហៅថា “ចតុស្ដម្ភ” ហើយគោរមងារ “ឧកញ៉ា” នាពេលនោះមានដូចជា ឧកញ៉ាយមរាជ ឧកញ៉ាក្រឡាហោម ឧកញ៉ាវាំង និង ឧកញ៉ាចក្រី ជាដើម។
លោកបន្តថា ដោយផ្អែកតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យប្រទានគោរមងារឧកញ៉ាជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលមានស្នាដៃក្នុងការអភិវឌ្ឍ និងការកសាងជាតិជាបន្តបន្ទាប់ ដែលមានលក្ខណៈជាការប្រទាននូវគ្រឿងឥស្សរិយយសជាតិ ប៉ុន្តែនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា នៅមិនទាន់មានលិខិតបទដ្ឋានគតិយុត្តសម្រាប់ កំណត់លក្ខណៈសម្បត្តិក្នុងការផ្តល់គោរមងារឧកញ៉ា ការគ្រប់គ្រង ការប្រើប្រាស់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា នៅឡើយទេ។
លោកបញ្ជាក់បន្ថែមថា ចំពោះដំណើរការនៃការរៀបចំសេចក្តីព្រាង ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ានេះ ក្រុមការងារអន្តរក្រសួង បានធ្វើការសិក្សាស្រាវជ្រាវ និងប្រជុំពិភាក្សាគ្នាជាច្រើនលើក ក្នុងនោះក៏បានធ្វើការពិគ្រោះយោបល់សុំធាតុចូលពីក្រសួងព្រះបរមរាជវាំង និងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេច ស ខេង បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារ អន្តរក្រសួងដែលបានសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងរៀបចំចងក្រងសម្រេចបានប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងសម្រេចបានជោគជ័យនាពេលនេះ។
សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ានេះមាន ១០ជំពូក និង ២៥មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕