សម្តេច ហ៊ុន សែន ៖ ស៊ីហ្គេម២៤ឆ្នាំមុន កម្ពុជាគ្មានបានមេដាយ តែ២៤ឆ្នាំក្រោយបានមេដាយ ជិត៣០០គ្រឿង

ភ្នំពេញ ៖ នាថ្ងៃចុងបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម(១៧ ឧសភានេះ) សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការប្រៀបធៀបពីរង្វង់ឆ្នាំ១៩៩៩ កាលពីស៊ីហ្គេមលើកទី២០ ជាមួយនឹងឆ្នាំ២០២៣នេះ ជាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានភាពខុសប្លែកគ្នាខ្លាំងព្រោះ២៤ឆ្នាំមុន កម្ពុជាគ្មានបានទទួលមេដាយសូម្បីតែមួយគ្រឿង ប៉ុន្តែ២៤ក្រោយកម្ពុជា ទទួលបានមេដាយ ជិត៣០០គ្រឿងឯណោះ ។

សម្តេចបានលើកឡើងក្នុងហ្វេសប៊ុកថា កាលពីស៊ីហ្គេមលើកទី២០ ក្នុងឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹងលទ្ធផល០មេដាយ។ ប៉ុន្តែចំពោះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរលំដាប់ទី៤ខាងមេដាយមាស និងឈរលំដាប់ទី៣ខាងមេដាយច្រើន (សូមមើលតារាងប្រៀបធៀប)។

ចំពោះលទ្ធផលនេះ សម្តេចថា នេះជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងប្រែងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក៕