ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅរសៀលថ្ងៃទី១៥ ឧសភានេះ បានចេញសេចក្តីសម្រេចជាផ្លូវការហើយ ក្នុងការបដិសេធការចុះបញ្ជី គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃ២៣ កក្កដា ខាងមុខ។
តាមរយៈសេចក្តីសម្រេចេញដោយលោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប បានបង្ហាញមូលហេតុនៃការ មិនចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនដែលមាន២៥រាជធានី-ខេត្តនេះ ដោយសារគណបក្សប្រឆាំងនេះ “មិនបាន ភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅការិយាល័យ ច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ក្នុងមាត្រា២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត”។
មុនឈានមកដល់ថ្ងៃបដិសេធរបស់គ.ជ.បនេះ គណបក្សភ្លើងទៀនខ្លួនឯងក៏ធ្លាប់បានអះអាងថា នឹង ពិចារណាក្នុងការចុះឈ្មោះនិងបេក្ខជនបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនេះផងដែរ។ ឥឡូវនេះ អ្វីដែលខ្លួនធ្លាប់អះអាងថា មិនចង់ចូលរួមបោះឆ្នោតនោះ បានសម្រេចដូចក្តីប្រាថ្នាហើយ ។
មុន២ថ្ងៃ(ថ្ងៃ១២ឧសភា)ដែលគណបក្សភ្លើងទៀនកំពុងវក់វីរត់ឯកសារខ្វះខាតតាមលក្ខខណ្ឌដែលកំណត់ ដោយគ.ជ.បនោះ លោកទាវ វណ្ណុល ជាប្រធានបក្សក៏បានសុំជួបតំណាងក្រសួងមហាផ្ទៃផងដែរ ហើយដើម្បីគោរពតាមការស្នើសុំខាងក្រសួងក៏បានអនុញ្ញាតឲ្យជួបតាមសំណូមពរ ។
អ្វីដែលជាចំណុចសំខាន់ ស្របពេលមានការជួបខាងក្រសួងមហាផ្ទៃហើយ ខាងគណបក្សភ្លើងទៀននេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរ ដោយបង្ហាញសារក្នុងន័យគៀងគរសមាជិកខ្លួនតវ៉ា ដោយសន្តិវិធី បើសិនក្នុងករណីគ.ជ.បមិនយល់ព្រមចុះបញ្ជីឲ្យគណបក្សខ្លួន ។
ជាមួយគ្នានេះដែរ បន្ទាប់ពីមួយថ្ងៃក្រោយមក តំណាងបក្សភ្លើងទៀននេះ ទៀតសោតក៏បានស្នើសុំជួប សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែត្រូវបានសម្តេចបដិសេធ ដោយសារការងារ សម្តេចមានច្រើនមិនអាចជួបនាពេលអំឡុងពេលនេះ ប៉ុន្តែសម្តេចថាអាចជួបបានក្រោយបញ្ចប់ ការបោះឆ្នោតថ្នាក់ជាតិ ៕