ក.ប.ប បណ្តុះបណ្តាល​ស្តីពី «ការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មគ្រឿង ស្រវឹងក្លែងក្លាយនៅកម្ពុជា» ជូន​ដល់​មន្ត្រី ១២០រូប

ភ្នំពេញ៖ អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​សម្ព័ន្ធ​អ្នកធ្វើធុរកិច្ចស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) និង​សមាគម​អ្នកនាំចូលនិងចែកចាយស្រាបៀរ និងស្រា (WSBIDA) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មគ្រឿង ស្រវឹងក្លែងក្លាយនៅកម្ពុជា» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ចំនួនប្រមាណ ១២០រូប។

វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ ដែលមានសមាសភាព​ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះសុទ្ធជាប្រធានសាខា អនុប្រធានសាខា ព្រមទាំង​មន្ត្រី​ស៊ើបអង្កេត នៃសាខា ក.ប.ប. តាមបណ្តារាជធានី-ខេត្តទាំង ២៥ ទូទាំងកម្ពុជា និងក្រោមអធិបតិភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក Tan Ser Chhay ប្រធានសមាគមនអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) និងលោក Daniel Greif មេធាវីកម្មសិទ្ធបញ្ញាជាន់ខ្ពស់របស់ក្រុមហ៊ុន S&O។

វគ្គបណ្តុះបណ្តាលនាថ្ងៃនេះគឺជាវេទិការ​និងជាយន្តការមួយក្នុងការផ្តល់នូវចំណេះដឹង​បន្ថែម​ជូនដល់មន្ត្រីស៊ើបអង្កេត​នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការអាចកំណត់​បាន​អំពីភាព​ខុសគ្នារវាងផលិតផលពិត និងផលិតផល​ក្លែងក្លាយ​ដែលផ្តល់​ការបណ្តុះបណ្តាល​ពីសំណាក់អ្នកជំនាញការមកពីក្រុមហ៊ុន S&O ដែលជាក្រុមហ៊ុន​មួយមានជំនាញច្បាស់លាស់ក្នុងការធ្វើជាភ្នាក់ងារតំណាងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនល្បីៗជាច្រើននៅលើពិភពលោក។

ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាល​នេះបាន​សបញ្ជាក់​អំពី​សារៈសំខាន់នៃការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន នឹងស្ថាប័នអនុវត្តច្បាប់ ក្នុងប្រយុទ្ធប្រឆាំង​នឹងផលិតផលក្លែងក្លាយក្នុងទីផ្សារ ដែលជាវិធីសាស្រ្ត​មួយអាច​កាត់បន្ថយ​នូវបញ្ហាប្រឈម និងភាពស្មុគស្មាញ​ក្នុងការស្វែងរក​បទល្មើស​របស់​មន្ត្រី​អនុវត្តច្បាប់ ព្រមទាំងអាចធានាបានប្រសិទ្ធិភាពក្នុងអនុវត្តច្បាប់។