ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។
ការចុះហត្ថលេខាខាងលើនេះ ធ្វើឡើង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
តាមរយៈអនុស្សរណៈយោគយល់គ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងផ្តល់ការគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងការសហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។
អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅពេលនេះ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របស់ក្រសួង ស្ថាប័ន ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
ទន្ទឹមនឹងនេះ អនុស្សរណៈនេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និងការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕